សម្ដេចតេជោ ហ៊ុន សែន បំភ្លឺប្រវត្តិនៃថ្ងៃ០៤ ខែមេសា ដែលរក្សាទុក ជាថ្ងៃកំណើត ផ្លូវការកាលពី៥០ឆ្នាំមុន

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែងថា ប្រវត្តិនៃថ្ងៃទី០៤ ខែមេសា ដែលរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការរបស់សម្ដេច ព្រោះថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ កាលពី៥០ឆ្នាំមុន គឺជាថ្ងៃដែលសម្ដេច​តាំងចិត្ត​ចូលធ្វើ​កងទ័ព តាម​ការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តម សីហនុ ដើម្បីប្រឆាំង​ជាមួយពួកធ្វើរដ្ឋ​ប្រហារ​ខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេថា ឆ្នាំនេះជាខួបលើកទី៥០ ដែលសម្ដេច​បានប្រើ​ប្រាស់ថ្ងៃ០៤មេសាជាថ្ងៃកំណើត ដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយ ដើម្បី​ដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួន ដែលតែងឆ្ងល់ថាហេតុអី្វ លោក ហ៊ុន សែន មានថ្ងៃកំណើតពីរ និងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ។ សម្ដេចតេជោបានគូសបញ្ជាក់​ថា “តាមពិតខ្ញុំកើតម៉ោង១២យប់ ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦ ត្រូវនឹងថ្ងៃអង្គារទី០៥ ខែសីហា ឆ្នាំ១៩៥២។ ហេតុអ្វីបានជាមានថ្ងៃ០៤មេសាជា​ថ្ងៃកំណើតទៅវិញ”។ សម្ដេចតេជោបានថ្លែងថា  ៥០ឆ្នាំមុន គឺនៅថ្ងៃ០៤ ខែមេសា ឆ្នាំ១៩៧០ សម្ដេចចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ សម្ដេចតេជោ​បាន​បន្ថែមថា “ពេលចូល​ដល់ជំរំក្នុងព្រៃជ្រៅ មេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ ធ្វើប្រវត្តិរូប។ ខ្ញុំពុំចាំថ្ងៃខែកំណើតទេ ដូចនេះ​ខ្ញុំបានយកថ្ងៃ០៤ ខែមេសាដែលជាថ្ងៃខ្ញុំ​ចូល​តស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា១៩៥២។ ខ្ញុំប្រើថ្ងៃ០៤ មេសា ១៩៥២ ជា​ថ្ងៃកំណើត​តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ ទើបដូរឆ្នាំមក១៩៥១​វិញ។” សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២ មក១៩៥១វិញ បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧ មករា ១៩៧៩ ថ្ងៃ៨ មករា ១៩៧៩ យើង​បានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាឈ្មោះរដ្ឋាភិបាល​នាពេលនោះឡើង។

សម្ដេចតេជោបានថ្លែងទៀតថា “ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុង​វ័យ​មិនទាន់គ្រប់២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២ មកឆ្នាំ១៩៥១គឺមានហេតុផលពីរ ទី១ អ្នក​វាយអង្គុលីលេខវាយខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសំឡេងរួចទៅហើយ។ ទី២ ខ្ញុំមិនព្រមធ្វើការកែតម្រូវដោយសារអាយុជាង២៦ ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រី​ផ្សេង​ទៀតដែលមានអាយុសុទ្ធតែជាង៤០ ឬជាង៥០ឆ្នាំ”។ សម្ដេចតេជោបានបន្តទៀតថា  ពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ សម្ដេចតេជោ​ក៏មិនព្រមកែទៀត ដោយសារពេលនោះសម្ដេចក៏ទើបមានអាយុជាង៣២ឆ្នាំ ដែលជា​នាយករដ្ឋ​មន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។

សម្ដេចតេជោបានអះអាងថា នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃទី០៤ ខែមេសាដែលសម្ដេច​រក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការ ព្រោះជាថ្ងៃដែលសម្ដេចតាំងចិត្តចូលធ្វើកងទ័ពតាម​ការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តម សីហនុ៕

ដោយ ជឹម ណារី