សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្តលើវិធានការ សុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យប្រជាពលរដ្ឋកម្ពុជាមានជំនឿទុកចិត្ត លើវិធានការសុខភាពសាធារណៈរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩។

នៅលើផេកផ្លូវការរបស់សម្ដេចតេជោថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែរំឮកពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឱ្យបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬជែលលាងដៃសម្លាប់មេរោគបាក់តេរី ដើម្បីការពារការឆ្លងរោគពីយើងទៅគេ និងពីគេមកយើង។

ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា មកទល់ពេលនេះ កម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លាន២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនថែមទៀត។ ជាងនេះទៀត រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យច្រើនថែមទៀត ព្រោះយើងត្រូវការលើសពីនោះ។ ជាមួយគ្នានេះដែរ សម្ភារពេទ្យដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសម្ភារមួយចំនួនទៀតដែលយើងផលិតមិនបាន គឺនឹងនាំមកពីក្រៅប្រទេស។ សម្ភារពេទ្យយើងមួយចំនួនធំ រួមទាំងថ្នាំពេទ្យគឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសម្ភារបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសម្ភារ និងបរិក្ខារពេទ្យមួយចំនួន សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

ក្រៅពីត្រៀមបម្រុងសម្ភារបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានឱ្យនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករ និងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការតក់ស្លុតឱ្យសោះ កម្ពុជាមិនឱ្យមានសភាពស្លាប់គរជើង ដូចយើងឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីឌ-១៩៕

ដោយ ជឹម ណារី