សហគ្រាសរោងចក្រចំនួន៧ទីតាំង តម្លៃជាង១៧០លានដុល្លារ ត្រូវបានអនុម័តដោយ CDC

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់សហគ្រាសរោងចក្រចំនួន៧ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ១៧០លាន ដុល្លារអាម៉េរិក ជាមួយនឹង​ឱកាសការងារបន្ថែមជាច្រើនពាន់កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១- “PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD.” គម្រោងបង្កើត រោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។ ២- “JU WANG FOOTWEAR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមាន ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦ A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤០០កន្លែង។ ៣-“IMPERIAL STAR SOLAR (CAMBODIA) CO., LTD.” គម្រោងបង្កើត រោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។ ៤- “TOPEC ELECTRIC CO., LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារៈ បរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៨,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។ ៥-“VISCOT PRODUCTS CO., LTD.”  គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ សម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។ ៦-“SUNDANCE INDUSTRIES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងផ្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការ ងារបានចំនួន ៣៣២កន្លែង។ ៧-“KEPSTAR DATA CENTRE MANAGEMENT CO., LTD.” គម្រោងសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕

ដោយ ម៉ៅ ចរិយា