លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់តំណែង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងធម្មកា និងសាសនា។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អង្គពិធីនូវក្តីនឹករលឹក និងបានកោតសរសើរដល់ ឯកឧត្តម ហ៊ឹម ឆែម ដែលបានដឹកនាំស្ថាប័ន កន្លងមកសម្រេចបាន លទ្ធផលគួរជាទីមោទនៈ តាមរយៈសកម្មភាពនានា ការរៀបចំបង្កើតឱ្យ មានកម្មវិធីជាច្រើន ក្នុងនោះកម្មវិធី នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម និងកម្មវិធីទស្សនាទានព្រះពុទ្ធ សាសនា បានសម្តែងធម្មទេសនា និងការអប់រំដល់ពុទ្ធបរិស័ទ មន្ត្រីរាជការ និស្សិត សិស្សានុ សិស្សមកពីគ្រឹះស្ថានអប់រំនានា ចូលរួមស្តាប់ និងសាកសួរ ដើម្បីបញ្ជ្រាបការអប់រំឱ្យផ្លូវ ចិត្តឱ្យ មានការស្ងប់ស្ងាត់ល្អ រួមជាមួយនឹងការ បណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យ អាចារ្យរិនីខ្មែរផងដែរ ដោយបានធ្វើការចាក់ផ្សាយតាមស្ថានីយវិទ្យុ និងទូរទស្សន៍ រដ្ឋ និងឯកជន ផងដែរ។

លោកជំទាវក៏បានបន្តទៀតថា ក្នុងស្ថានភាព បច្ចុប្បន្នដែលមានការឆ្លង និងរាតត្បាត ដោយជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ក៏បានឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ ក្រសួងធម្មការ និងសាសនា ត្រូវយកចិត្តទុក្ខដាក់ខិតខំផ្សព្វផ្សាយ ឱ្យសាសនិក គ្រប់សាសនា ទាំងអស់ចូលរួមបង្ការទប់ស្កាត់ការរីករាល ដាលនៃជំងឺ Covid-19 តាមការណែនាំរបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃ។ ដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍក្រសួងធម្មការ និងសាសនាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត លោកជំទាវក៏បាន ផ្តល់អនុសាសន៍ ដូចតទៅ៖ ទី១. ឯកឧត្តមរដ្ឋមន្ត្រីត្រូវដឹកនាំក្រសួង ដោយប្រកាន់យក ភាពម្ចាស់ការ ឯករាជ្យភាព តម្លាភាព គណនេយ្យភាព និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនតាមតួនាទី ស្នូលរបស់ក្រសួង រួមចំណែកជួយដល់រាជរដ្ឋាភិបាល។ ទី២. រដ្ឋលេខាធិការ អនុរដ្ឋលេខា ធិការត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តន៍ការងារតាមច្បាប់ និងលិខិតបទដ្ឋានរបស់ រាជរដ្ឋាភិបាល និងបន្តកសាងគោលការណ៍នានាទាក់ទងការពង្រឹងស្ថាប័ន។   ទី៣. ត្រូវពង្រឹងស្ថាប័ន ពង្រឹងមន្ត្រីរាជការ តាមរយៈបាវចនា២ គឺ៖ កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងការអនុវត្តអភិក្រមទាំង៥ របស់សម្តេចតេជោគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕

ដោយ សួស សំរិត