រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីនៅតែបន្តជួយគាំទ្រ​ដល់​រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់ផ្នែក

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជំហរថា រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីនៅតែបន្តជួយគាំទ្រ​ដល់​រាជរដ្ឋាភិបាលកម្ពុជាលើគ្រប់ផ្នែក ជាពិ​សេ​ស ការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សានៅសហព័ន្ធរុស្ស៊ី ប​ន្ថែ​​មទៀតជារៀងរាល់ឆ្នាំ។

ក្នុងឱកាសជម្រាបលា ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ខណៈឯកឧត្តម Dmitry Tsvetkov ត្រូវ​បញ្ចប់​បេស​ក​កម្ម​​​ការ​ទូត​នៅកម្ពុជា ក៏ដូចជា​ដើម្បីបន្តពង្រឹងបន្ថែមទៀត​នូវកិច្ចសហប្រតិបត្តិ​ការ​​ទ្វេ​ភាគី កម្ពុជា-រុស្ស៊ី កា​លពីថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២០ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ឯកឧត្តម Dmitry Tsvetkov ក៏បាន​​​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះការ​​ផ្ដល់​   កិច្ច​សហ​ប្រតិ​ប​ត្ដិការ​យ៉ា​ង​ល្អ​ប្រពៃ​ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ​របស់​កម្ពុជា ក្នុងអាណត្តិដែលឯកឧត្តមបាន​មក​បំ​ពេញ​បេសកកម្មការទូតនៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា ដែលបានធ្វើឱ្យ​បេសកកម្មការទូត​របស់ឯ​ក​ឧត្តម​ទទួល​​​បាន​ជោគ​ជ័យ​​​​។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូត Dmitry Tsvetkov អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិនិយោគិនទាំងអ​ស់ ខណៈដែលកម្ពុជាកំពុងចាត់វិធានការ ធ្វើកំណែទម្រង់ ពង្រីកទីផ្សារ ជំរុញវិមាត្រសេដ្ឋកិច្ច និង​គាំទ្រការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារសេរីប្រកបដោយ ភាពត្រឹមត្រូវ និងយុត្តិធម៌ ។ រាជរដ្ឋាភិ​បាលកម្ពុជា ផ្តល់ការលើកទឹកចិត្តដល់​ការវិនិយោ​​គ និងខិតខំបង្កបរិយាកាសឱ្យអ្នកវិនិយោ​គ​មានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ​ដោយសារ​ប្រទេសទាំងពីរបានចុះកិច្ចព្រម​ព្រៀង​ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃការវិនិយោគរួចហើយ ភាគីទាំងពីរ​បានពិភាក្សា​អំពី​​យន្តការ​ ក្នុងការ​រៀបចំកិច្ច​ព្រមព្រៀងស្តី​ពីការ​ជៀសវាងការយកពន្ធត្រួតគ្នារវាង​ព្រះរាជា​ណាចក្រកម្ពុជា ​និង​សហព័ន្ធ​​រុស្ស៊ី ដើម្បីទាក់ទាញវិនិយោគិនរុស្ស៊ីឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។

នៅក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីឥទ្ធិពលនៃការរាតត្បាតនៃជម្ងឺកូវីត​ ១៩ ដែលបានធ្វើឱ្យ​មានផលប៉ះ​ពាល់​អវិជ្ជមានដល់សេដ្ឋកិច្ចនៃបណ្តាប្រទេសនានាលើសកលលោក និងសេណារីយ៉ូមួយចំនួន សម្រាប់​ដោះ​ស្រាយ និងទប់​ស្កាត់​​ចំពោះ​ផល​ប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ និងវាយ​តម្លៃខ្ពស់​ចំពោះប្រជាជន​ និង​រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ដែលបានចូលរួមចំណែក​​​​​យ៉ាងសកម្មដល់ការកសាងសន្តិភាព និងការ​អភិវឌ្ឍ​​សង្គម-សេដ្ឋកិច្ច​កម្ពុជា តាំងពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ ។

សមិទ្ធិផលប្រកបដោយផ្លែផ្កានៃការអភិវឌ្ឍដែលកម្ពុជាទទួល​​​​​​បាន មិនអាចកាត់ផ្តាច់ពី​ការ​​​​គាំទ្រ​​របស់​​រដ្ឋាភិបាលរុស្ស៊ី និងដៃគូអភិវឌ្ឍន៍នានា ។ ជាក់ស្តែង ក្នុង​អាណត្តិការទូតរបស់ឯក​ឧត្តម Dmitry Tsvetkov នៅកម្ពុជា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេ​សទាំងពីរ កម្ពុជា និងរុស្ស៊ី ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ហើយបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ជាពិសេស​ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច,ពាណិជ្ជកម្ម, វិនិយោគ និងការអភិវឌ្ឍ​ធនធាន​មនុស្ស​៕

ដោយ គង់ សិរីរ័ត្ន