អ្នកឆ្លងជំងឺ COVID-19 នៅអេស្ប៉ាញកើនឡើងលើស១០ម៉ឺននាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

  ប្រទេសអេស៉្បាញបានរាយការណ៍ថា ចំនួនអ្នកឆ្លង និងស្លាប់បន្ថែមទៀតដោយសារតែជំងឺរាតត្បាតសកល COVID-19 មានការកើនឡើង ដែលមកទល់នឹងពេលនេះ ករណីឆ្លងសរុបកើនដល់ ១០២,១៣៦នាក់ ក្នុងនោះអ្នកជំងឺសរុប ៩,០៥៣នាក់បានបង់ជីវិតច្រើនជាងគេបន្ទាប់ពីអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

  ប្រទេសអេស្ប៉ាញបានបិទប្រទេសទាំងមូល រយៈពេលជាងពីរសប្តាហ៍មកហើយ ដែលបានប្រកាសដំបូងកាលពីថ្ងៃទី១៤ ខែមីនា សម្រាប់រយៈពេល១៥ថ្ងៃ ប៉ុន្តែដោយសារតែ ចំនួនអ្នកឆ្លងនិងស្លាប់ដោយសារ COVID-19 ក្នុងប្រទេសអេស៉្បាញ នៅតែបន្តកើនឡើងខ្ពស់ លោក Pedro Sanchez នាយករដ្ឋមន្រ្តីអេស៉្បាញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នបន្ថែម១៥ថ្ងៃទៀត។

  សូមបញ្ជាក់ថា បច្ចុប្បន្នភាពជំងឺ COVID-19 នៅប្រទេសអេស៉្បាញមានអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ១០២,១៣៦ករណី ស្លាប់ចំនួន ៩,០៥៣នាក់ និង ២២,៦៤៧ នាក់បានជាសះស្បើយទាំងស្រុង៕

ប្រភព៖សារព័ត៌មាន BBC