អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅចក្រភពអង់គ្លេសកើនឡើងដល់ ២,៣៥២នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង

  ចក្រភពអង់គ្លេសបានរាយការណ៍ថា មានអ្នកជំងឺ COVID-19 ចំនួន ៥៦៣នាក់ន្ថែមទៀតបានបាត់បង់ជីវិត នាំឲ្យចំនួនអ្នកស្លាប់ទាំងអស់កើនឡើងដល់ ២,៣៥២នាក់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។

  អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេសបានបញ្ជាក់ថា ទន្ទឹមនឹងការកើនឡើងនៃអ្នកស្លាប់ដោយសារជំងឺរាតត្បាតជាសកលនេះ ចក្រភពអង់គ្លេសមានអ្នកឆ្លងជំងឺ COVID-19 កើនឡើងដល់ ២៩,៤៧៤ នាក់ផងដែរ។ដោយឡែកចំពោះស្ថានភាពបុគ្គលិកសុខាភិបាលជួរមុខនៃស្ថាប័នសេវាកម្មសុខភាពជាតិ(NHS)វិញ ត្រូវបានរាយការណ៍ថា ចាប់តាំងពីមានការផ្ទុះជំងឺរាតត្បាតជាកលនេះមក មានបុគ្គលិកច្រើនជាង ២,០០០នាក់ត្រូវបានធ្វើតេស្តរកជំងឺ COVID-19 ។ពេលនេះអាជ្ញាធរកំពុងប្រញ៉ាប់ប្រញ៉ាល់ធ្វើតេស្តលើបុគ្គលិកសុខាភិបាលជាច្រើនរយនាក់បន្ថែមទៀតដើម្បីបញ្ជាក់ថាពួកគេមានសុខភាពល្អជាធម្មតាដើម្បីចូលបំរើការងារវិញ៕

  សូមបញ្ជាក់ថា មកទល់នឹងពេលនេះនៅចក្រភពអង់គ្លេសមានករណីឆ្លងជំងឺ COVID-19 សរុប ២៩,៤៧៤ ករណី ស្លាប់ ២,៣៥២នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងមានតែ ១៣៥នាក់ប៉ុណ្ណោះ៕

ប្រភព៖សារព័ត៌មាន BBC