ក្រុមហ៊ុន HOdo Group ប្រគល់អំណោយជាម៉ាស់ចំនួន ១លានម៉ាស់ ជូនដល់កាកបាទក្រហមកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់​ខ្ពស់សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួល​ជួបសវនាការ និង​ទទួលអំណោយជាម៉ាស់ចំនួន ១លានម៉ាស់ ពីក្រុមហ៊ុន ហូដូ គ្រុប (HOdo Group) របស់​សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក វូ គ័រឈាន (Wu Guoquan) ទីប្រឹក្សា សេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ នៅ​ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកជំទាវ អាន្នី សុខអាន អនុប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវកិច្ច​ស្វាគមន៍​យ៉ាងកក់ក្តៅចំពោះ លោក វូ គ័រឈាន(Wu Guoquan) ព្រមទាំងគណៈប្រតិភូ​តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលតំណាងឱ្យក្រុមហ៊ុន HOdo Group ដែលបានអញ្ជើញ​នាំយកអំណោយទាំងនេះ មកប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា។ លោកជំទាវបាន​ពាំនាំ​ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលផ្តាំសួរសុខទុក្ខនិងថ្លែង​អំណរ​​ គុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់អំណោយជាម៉ាស់ចំនួន១លានម៉ាស់ ដែល​កាក​បាទ​ក្រហមកម្ពុជា នឹងបន្តផ្តល់ជូនទៅតាមសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត។

លោកជំទាវអនុប្រធានបានលើកឡើងថា អំណោយជាម៉ាស់ពីបងប្អូនរួមចិត្តចិន នឹង​បន្ថែមនូវគុណតម្លៃនៃបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជួយសម្រាល​ទុក្ខ​លំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសនៅក្នុងការខិតខំប្រឹងប្រែងរួមគ្នា​នៅលើ​សកលលោក ដើម្បីប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីជីវិតរស់នៅក្នុងសុខសន្តិភាព និងសុខុ​មាល​ភាពរបស់មនុស្សជាតិ។

លោក វូ គ័រឈាន (Wu Guoquan) បានគូសបញ្ជាក់ថា ប្រជាជនចិនពិតជាមិនអាច​បំភ្លេចបានឡើយចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែល​បានបង្ហាញពីការលើកទឹកចិត្តដល់ប្រជាជន និងរដ្ឋាភិបាលចិន ដើម្បីសម្រេច​បានជោគជ័យ​ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបានបន្ដថា តាមរយសកម្មភាព នេះ​ហើយ ទើបក្នុងពេលដែលកម្ពុជា កំពុងជួបបញ្ហានេះឡើង គឺ ប្រជាជនចិន បានផ្តល់អាទិភាព​ក្នុងការជួយដល់កម្ពុជាមុនគេ តាមរយៈការផ្តល់អំណោយសប្បុរសធម៌ជាម៉ាស់ចំនួន ១លាន ក្នុងស្មារតី «ស្រឡាញ់គ្នាក្នុងគ្រាក្រ, កម្ពុជានិងចិនរួមចិត្តតែមួយ»៕

លោកបានបន្ថែមថា កាកបាទក្រហមកម្ពុជាជាអង្គការសប្បុរសធម៌ ហើយលោក​ជឿ​ជាក់​ថា ម៉ាស់ចំនួនមួយលាន ម៉ាស់ ដែលឧបត្ថម្ភដោយក្រុមហ៊ុន HODO GROUP ពិតជា​អាច​ដើតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រជាជនកម្ពុជា៕

ដោយ រិទ្ធី