មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ ចុះត្រួតពិនិត្យការលក់ម៉ាស់ អាល់កុលនៅតាម ឱសថស្ថាន និងពិនិត្យមើលតម្លៃប្រេងសាំងនៅតាមស្ថានីយទូទាំងខេត្តតាកែវ

AKP តាកែវ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ — នៅថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ​សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ រួមជាមួយមន្ត្រីជំនាញកាំកុងត្រូល បានចុះត្រួតពិនិត្យការលក់ម៉ាស់ អាល់កុលនៅតាមឱសថស្ថាន និងពិនិត្យមើលតម្លៃប្រេងសាំងនៅតាមស្ថានីយទូទាំងខេត្តតាកែវ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវបានមានប្រសាសន៍ឱ្យដឹងថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការណែនាំអប់រំដល់ម្ចាស់ទីតាំងឱសថស្ថាន ឬហ្វាម៉ាស៊ីទាំងអស់ ត្រួវចូលរួមសហការជាមួយមន្ត្រីជំនាញ តាមរយៈការលក់ផលិត ផលដែលមានគុណភាពនិងមានយីហោច្បាស់លាស់ជាមួយនឹងការរក្សាតម្លៃឱ្យបានសមរម្យ។ ដើម្បីជាការចូលរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់នូវវីរុសកូវីដ-១៩(Covid-19) ដែលកំពុងរីករាលដាលនៅកម្ពុជាយើង និងចូលរួមអនុវត្តន៍តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន តម្រូវឱ្យឱសថស្ថាន និងគ្លីនិកឯកជនទាំងអស់ ដែលមានដាក់លក់អាល់កុល ម៉ាស់ គឺត្រូវលក់របស់សុទ្ធ មិនក្លែងក្លាយ មិនដំឡើងថ្លៃ គឺត្រូវលក់ក្នុងតម្លៃសមរម្យ។

លោក ប៉ោ លាងគង់ មានប្រសាសន៍បន្តថា កាលពីពេលថ្មីៗនេះមន្ត្រីជំនាញបានដកហូតអាល់កុលមួយចំនួននៅតាមឱសថស្ថាន នៅក្នុងខេត្តតាកែវដោយសង្ស័យមិនមែនអាល់កុលសុទ្ធ។ ក្រោយពីយកមកពិនិត្យនៅស្នាក់ការ បានពិនិត្យរកឃើញថា ជាមេតាណុល មិនមែនជាអាល់កុលនោះទេ។ បន្ទាប់ពីពិនិត្យឃើញថាជាអាល់កុលក្លែងក្លាយ មន្ត្រីជំនាញកាំកុងត្រូលបានចុះទៅធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងលក់នោះផ្ទាល់ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឱ្យលក់នូវរបស់ក្លែងក្លាយបន្លំបន្តទៀតនោះទេ បើសិនជានៅតែបន្តលក់របស់ក្លែងក្លាយបន្លំ ម្ចាស់ទីតាំងនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់។

លោក ប៉ា លាងគង់ ក៏បានធ្វើការណែនាំនិងផ្សព្វផ្សាយដល់ម្ចាស់ស្ថានីយប្រេងសាំងនៅតាមបណ្តាក្រុង ស្រុក ទាំងអស់នៅក្នុងខេត្តតាកែវ ត្រូវធ្វើការដាក់លក់តម្លៃប្រេងសាំង ប្រេងម៉ាស៊ូត ទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់ថ្លៃ ប្រេងឥន្ធនៈ។ លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ក៏បានធ្វើការសម្របសម្រួលនិងណែនាំដល់ម្ចាស់ស្ថានីយទាំងអស់ឱ្យធ្វើការកែប្រែតម្លៃប្រេងភ្លាមៗទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកដោះស្រាយ ការលំបាក និងជួយសម្រួលជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសស្របពេលប្រទេសជាតិកំពុងរងគ្រោះដោយមេរោគកូវីដ-១៩៕

ដោយ អ៊ុច សៀង