អាជ្ញាធរខេត្តក្រចេះ ត្រៀមមធ្យោបាយដឹកជញ្ជូនពលករខ្មែរ ដែលចេញពីប្រទេសថៃ 

AKP ក្រចេះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០–អាជ្ញាធរក្រចេះ បាននិងកំពុងធ្វើការទំនាក់ទំនង ជាមួយបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីស្រាវជ្រាវនិងស្រង់ស្ថិតិបងប្អូនខ្មែរដែលទៅធ្វើជាពលករនៅប្រទេសថៃនឹងត្រូវត្រឡប់មកស្រុកកំណើតវិញ ដោយបានត្រៀមមធ្យោបាយក្នុងការដឹកជញ្ជូនពួកគាត់ផងដែរ ។ ការដាក់ចេញផែនការត្រៀមដឹកជញ្ជូនពលករខ្មែរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយរបស់រដ្ឋបាលខេត្ត កាលពីរសៀលថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ។

លោក ប៉ែន លីណាត អភិបាលរងខេត្តដែលជាប្រធានអង្គប្រជុំនោះបានឱ្យដឹងថា គិតមក ទល់ពេលនេះមានបងប្អូនពលករខ្មែរធ្វើការនៅប្រទេសថៃ វិលចូលស្រុកកំណើតនៅខេត្តក្រចេះវិញចំនួន ២៥០នាក់ ដែលត្រូវបានដាក់ពួកគាត់ឱ្យរស់នៅដាច់ដោយឡែកពីគេ និងកំពុងតែធ្វើការតាមដានពីសុខភាព និងស្ថានភាពគ្រួសាររបស់ពួកគាត់ ។

លោកអភិបាលរងខេត្តបញ្ជាក់ថា ទោះបីពេលនេះបងប្អូនពលករទាំង ២៥០នាក់ យើងបានតាមដានពីសុខភាពនិងគ្រប់គ្រងពួកគាត់ឱ្យនៅដាច់ដោយឡែករួចហើយក្តី យើងក៏នៅតែបន្ត និងកំពុងបន្តស្វែងរកពលករខ្មែរបន្ថែម និងត្រៀមមធ្យោបាយសម្រាប់ដឹកជញ្ជូនពួកគាត់ដែលនៅសល់ផ្សេងទៀតមកកាន់ស្រុកកំណើតផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះដែរលោក ប៉ែន លីណាត បានស្នើឱ្យអាជ្ញាធរក្រុង ស្រុកទាំង៦ ត្រូវបន្តចុះធ្វើការតាមដាន និងពង្រឹងការចុះអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងការទប់ស្កាត់ការពារ ការរីករាលដាលជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋគ្រប់រូបនៅតាមមូលដ្ឋាន និងតាមខ្នងផ្ទះផងដែរ ៕

ដោយ ជួន សុជាតិ