ឯកឧត្ដម វ៉ា ថន ជំរុញឱ្យបន្តចុះធ្វើការតាមដាន  ពង្រឹងនិងពង្រីកការចុះអប់រំផ្សព្វផ្សាយ ពាក់ព័ន្ធនឹងការទប់ស្កាត់ ការពារការរីករាលដាល់នៃជំងឺកូវីដ១៩ នៅខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម  វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានជំរុញឱ្យអាជ្ញាធរ ក្រុង ស្រុកទាំង៦ បន្តចុះធ្វើការតាមដាន ពង្រឹងនិងពង្រីកការចុះអប់រំផ្សព្វផ្សាយពាក់ព័ន្ធ នឹងការទប់ស្កាត់ការរីករាលដាល់នៃជំងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋនៅតាមគ្រប់មូលដ្ឋាន និងតាមខ្នងផ្ទះ ជាពិសេសអ្នកដែលទើបនឹងធ្វើដំណើរចូលមកក្នុងប្រទេស។

ការជំរុញនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅ អនុវត្តន៍បន្តត្រីមាសទី២ កាលពីព្រឹកថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។ 

ឯកឧត្តម វ៉ា ថន ក៏បានជំរុញ និងណែនាំដល់អាជ្ញាធរក្រុង ស្រុកទាំង ៦ ត្រូវចុះតាមដានអំពីសម្មភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនដែលធ្វើ ដំណើរមកពីក្រៅប្រទេស ហើយកំពុងរស់នៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្នុងខេត្តក្រចេះ ដើម្បីធ្វើចប្ចុប្បន្នភាពអប់រំ និងតាមដានសុខភាពពួកគាត់ជាប្រចាំ ហើយចំពោះអ្នកសង្ស័យ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ត្រូវយកសំណាកពួកគាត់មកធ្វើតេស្ត ដើម្បីប្រាកដថា ពួកគាត់មានផ្ទុកជំងឺកូវីដ១៩ ដែរ ឬអត់។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តន៍ បន្តត្រីមាសទី២ របស់រដ្ឋបាលខេត្តក្រចេះក្នុងពេលនោះ ក៏បានលើកយករបៀបវារៈចំនួន៣ មកពិភាក្សា និងដោះស្រាយគឺ៖ ទី១.ការពិនិត្យសេចក្តីព្រាងរបាយការណ៍ កាងារប្រចាំត្រីមាសទី១។ ទី២. ការពិនិត្យលើភារកិច្ចសំខាន់ៗរួមមាន ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការងារសេដ្ឋ កិច្ចនិងសង្គមកិច្ច និងទី៣. គឺផែនការនិងវិធានការ ប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការត្រៀមរៀបចំតាមមន្ទីរ អង្គភាពជុំវិញខេត្តក្នុងការទទួលអបអរពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនឹងចូលមក ដល់ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

ដោយ ជួន សុជាតិ