ឯកឧត្ដម ឃួង ស្រេង ជំរុញឱ្យមន្ទីរសាធារណការ ត្រូវពន្លឿនការស្តារប្រឡាយ ដាក់លូនៅត្រពាំងជ្រៃ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចុះពិនិត្យមើលស្ថាន ភាពការស្តារប្រឡាយ ការដាក់លូ នៅចំណុចប្រឡាយត្រពាំងជ្រៃ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីជំរុញឱ្យការងារនេះដំណើរការទៅដោយរលូន ត្រៀមលក្ខណៈឱ្យ បានរួចរាល់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សាខាងមុខនេះ។

មន្ត្រីជំនាញនៅរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការស្ដារប្រព័ន្ធបង្ហូរទឹកផ្នែក ខាងជើងមហាវិថីសហព័ន្ធរុស្ស៊ីនេះ គឺចាប់ផ្តើមពីប្រឡាយត្រពាំងជ្រៃ ប្រឡាយចម្ការឪឡឹក ប្រឡាយតាបែន ប្រឡាយទួលសំពៅ និងប្រឡាយអូរអាគុជ ដែលមានប្រវែងសរុបប្រវែង ១៧១០០ម៉ែត្រ ក្នុងនោះមានការងារដាក់លូជ្រុលមួយជួរមានមុខកាត់ ២ម៉ែត្រគុណនឹង២ម៉ែត្រ ប្រវែង៥០០ម៉ែត្រ ដាក់លូមូលមុខកាត់១ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ បុកបន្ទះបេតុងពង្រីក ផ្លូវប្រវែង៧០០ម៉ែត្រ មួយចំហៀងចាក់បេតុងឆ្អឹងដែកពីលើគម្របដាក់លូ មានប្រវែង៥០០ ម៉ែត្រ ទទឹង៣ម៉ែត្រកន្លះ ប្រវែង៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងប្រវែង៧០០ម៉ែត្រ ទទឹង ១០ម៉ែត្រ ដែលមានផ្ទៃក្រឡាសរុប ១៣៦៥០ម៉ែត្រការ៉េ និងការងារសាងសង់ស្ពាន បេតុងមួយទីតាំងឆ្លងកាត់ប្រឡាយទួលសំពៅ (ស្ពានឱកាសខ្ញុំ) ស្ថិតនៅក្នុងខណ្ឌពោ ធិ៍សែនជ័យ និងខណ្ឌសែនសុខរាជធានីភ្នំពេញជំហានទី២។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរ ខណ្ឌ ធ្វើយ៉ាងណាចុះធ្វើការសម្របសម្រួល និងណែនាំប្រជាពលរដ្ឋធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរ ដើម្បីស្ដារប្រឡាយខាងលើនេះឱ្យ បានជោគជ័យទៅ តាមគម្រោងដែលបានគ្រោងទុក។

បន្ថែមពីលើនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឱ្យក្រុមការងារនៃមន្ទីរ សាធារណការរាជធានីភ្នំពេញ ស្តារក៏ដូចជាស្ថាបនាប្រឡាយនេះឱ្យបានលឿន ហើយចំពោះផលប៉ះពាល់យើងនឹងធ្វើការដោះស្រាយតាមក្រោយ សំខាន់គឺការស្ដារ ប្រឡាយនេះឱ្យរួចរាល់ ដើម្បីអាចរំដោះទឹកបាននៅរដូវវស្សាខាងមុខនេះ។ ព្រោះប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពីស្រុកអង្គស្នួល ខេត្តកណ្តាល និងតំបន់ជុំវិញ មួយចំនួនទៀត៕

ដោយ សួស សំរិត