ព្រឹទ្ធសភាជំរុញឱ្យមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិនៅឆ្នាំ២០២០នេះ

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — ឯកឧត្តម ម៉ម ប៊ុននាង ប្រធា​នគណៈ​កម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្ន​កនាំ​ពា​ក្យ​នៃព្រឹទ្ធសភាបា​ន​មា​ន​ប្រសាសន៍ថា គណៈកម្មការ​អចិន្ត្រៃយ៍ព្រឹ​ទ្ធសភាបា​នស​ម្រេ​​ចដាក់ច្បាប់ចំនួន​បីចូលក្នុងរ​បៀ​ប​វា​រៈប្រជុំ​វិសាមញ្ញនី​តិកា​លទី​៤​នៃ​ព្រឹ​ទ្ធ​ស​ភា​នាថ្ងៃស្អែកទី២ខែមេសានេះដើម្បីជួយ​ជំរុញ​ឱ្យ​មា​នអគ្គិសនីប្រើប្រាស់​គ្រប់​ភូ​មិ​នៅឆ្នាំ២០២០នេះ។

ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបន្ទាប់ពីប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ម ប៊ុននាង បានឱ្យដឹងថា គណៈកម្មា​ធិ​កា​រអចិ​ន្ត្រៃយ៍​ព្រឹ​ទ្ធ​ស​ភា​បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោ​ង​០​៨:០០នាទីព្រឹក ដើ​ម្បី​​ប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវា​រៈ​ដូ​ចជា ១-ពិនិត្យ និងឱ្យយោប​ល់លើ​សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយ​ល់ព្រ​មលើ​ការ​ធា​នាទូ​​ទា​ត់​រ​ប​ស់​រាជរដ្ឋាភិបាល នៃ​ព្រះ​​រាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប អ៊ិន-វេសម៉ិន គ្រុប ឯ.ក សម្រាប់​គ​ម្រោ​ង​វិ​និ​​យោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុ​ភា​ព ៧០០​មេហ្គា​វ៉ាត ខេត្តកោះកុង ។២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអ​នុម័​​តយល់​ព្រម​លើ​​ការ​ធានា​ទូ​ទា​ត់​រ​ប​ស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រា​ប់​គ​ម្រោ​ង​វិ​និយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥មេ​ហ្គាវ៉ា​ត​ខេ​ត្ត​ឧត្តរមានជ័យ។​និង​៣​-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអ​នុម័​ត​យ​ល់​ព្រ​ម​លើកា​រធានា​ទូ​ទា​ត់​រ​ប​ស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ា​ញ​សម្រាប់គម្រោ​ងវិ​និយោគសាងសង់ខ្សែបណ្តាញ បញ្ជូនអគ្គិសនី តង់ស្យុង២៣០គីឡូវ៉ុល ​តភ្ជា​ប់ពីរោងចក្រ​អគ្គិ​ស​នី​ដុ​តធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។

ឯកឧត្តម អ្ន​កនាំ​ពា​ក្យ​នៃព្រឹទ្ធសភា បានបញ្ជាក់ថា«ច្បាប់ទាំងបីនេះគឺជាច្បាប់មានសា​រៈសំ​ខាន់ណាស់ដើម្បីធានាការប្រើប្រាស់និងជំរុញការវិនិយោគឱ្យសង្គមជាតិយើង មាន​កា​រ​រី​ក​ច​ម្រើន និងការអភិវឌ្ឍហើយរាជរដ្ឋាភិបាលលោកមានចក្ខុវិស័យយ៉ាងច្បាស់លាស់ ដើម្បី​ធា​នាបា​ននូវឆ្នាំ២០២០នេះគឺគ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើហើយនឹងតម្លៃសមរម្យ អញ្ចឹង​គឺ​ប្រ​​មុខរាជរដ្ឋាភិបាលលោកបានតែ​ងតែជាបន្តបន្ទាប់ជម្រាបជូនដ​ល់ជនរួមជា​តិក៏ដូច​ជាប្រ​ជា​ព​ល​រដ្ឋនៅតាមមូលដ្ឋានថា អគ្គិសនីយើងនឹងចុះថ្លៃជាបន្តបន្ទាប់ហើយគោលន​យោ​បា​យ​រ​ប​ស់​ប្រ​មុខរាជរដ្ឋាភិបាលដែលមានក្រសួងរ៉ែនិងថាមពលនេះគឺបានមានគោលនយោបា​យ​គឺថា​ធ្វើ​យ៉ាងណាប្រជាជនប្រើពេលយប់ក្នុងការបូបទឹកដាក់ស្រែឬបម្រើសិប្បកម្មឬសហគ្រាសតូចៗផលិតពេលយប់នោះគឺតម្លៃអគ្គិសនីតម្លៃទាប អញ្ចឹងគឺថាប្រជាពលរដ្ឋរប​ស់​យើង ហើ​យ​ប្រជា​សិ​ប្ប​ករទាំងអស់នោះគឺនឹងអាចទទួលផលនៅពេលយប់តម្លៃអគ្គិសនីទា​ប បាទ នេះ​ជា​គោ​ល​ន​យោ​បាយយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលជូនដល់ជនរួមជា​តិ​យើងក៏ដូច​ជា​អ្នកវិ​និ​យោ​គទាំងអស់ដែលបានមករកស៊ីនៅក្នុងប្រទេសកម្ពុជាយើង»។

សូមបញ្ជាក់ថា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំកិច្ចប្រជុំគ​ណៈ​ក​ម្មា​​ធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០នេះក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា៕

ដោយ គង់ សិរីរ័ត្ន