ព្រះមហាក្សត្រ ​និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យ និងព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ព្រះអង្គ ទាំងទ្វេ បានសព្វព្រះរាជ​ហឫ​ទ័​​​​យស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ តាមព្រះទីនាំង​យ​​​ន្ត​ហោះពិសេស ឆ្ពោះទៅកាន់ទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យ និង​ព្យា​​បាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។

យាងនិងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេ នៅឯព្រលានយន្តហោះ​អន្ត​រ​ជាតិភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេ​ចអគ្គ​​ម​ហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ  ព្រមទាំង​ព្រះ​រាជវង្សានុវង្ស និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀត។ដោយឡែកឯកឧត្ដម W​a​ng Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និង​ម​ន្ត្រី​ស្ថា​​នក៏មានវត្តមានក្នុងឱកាសនោះ​ផង​ដែ​រ​​។​

នៅក្នុងព្រះរា​ជ​សារ​​របស់​ព្រះ​ករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះ​ម​ហា​ក្សត្រនៃ​ព្រះរា​ជា​ណា​​ច​ក្រ​កម្ពុជា ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ផ្ញើជូនជនរួមជាតិ ព្រះ​អង្គ​​បានគូសបញ្ជាក់ថា « ទូល​ព្រះ​​បង្គំ ខ្ញុំព្រះករុណាខ្ញុំ និង សម្ដេចព្រះមហាក្សត្រី ព្រះវរ រាជ​មាតា​ជាតិខ្មែរ ជាទីគោរព​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាតពី​សម្ដេច ព្រះ​ម​ហា​សង្ឃរាជទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈគ្រប់ព្រះង្គ សម្ដេច ឯកឧត្ដម លោកជំទាវ អ​ស់​លោ​ក លោកស្រី លោកតា លោ​កយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្ត មាន​ពី​មាតុប្រទេស ចាប់ពី​ថ្ងៃ​ទី​០១​ ខែមេសា ឆ្នាំ២០២០តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារ​ណ​រដ្ឋប្រជាមានិតចិន ដើ​ម្បី​ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ នៅក្នុងឱកាស​អវត្ត​មាន​រប​ស់​ទូ​លព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​ស​ភា​ នឹងទទួល​ជួយទូល​ព្រះ​បង្គំ​ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជា ណាចក្រ​ក​ម្ពុ​ជា»។

គួរបញ្ជាក់ដែរថា នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់រៀងរាល់៦ខែម្ដង របស់ព្រះ​ករុ​ណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជា​ណា​​ចក្រ​ក​ម្ពុ​​​ជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេ​រី​ភា​ព​ សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ទៅកាន់រដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋ​ប្រជា​មា​និ​​តចិន ដើ​ម្បី​ពិ​និ​​ត្យ-ព្យាបាលព្រះរាជសុខភាព៕

ដោយជឹម ណារី