អភិបាលខេត្តបាត់ដំបងសំណេះជាមួយប្រជាពលរដ្ឋ និងពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ 

AKP បាត់ដំបង ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បាត់ដំបង អមដំណើរដោយ អភិបាលរងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធមួយចំនួន និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបផងដែរ បានអញ្ជើញចូលរួមក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ប្រមាណជាង ២០០នាក់ នៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករ ព្រមទាំងបានផ្សព្វផ្សាយវិធានការការពារការឆ្លងមេរោគកូវីដ-១៩ ដោយបានធ្វើការពិនិត្យសុខភាព និងសាកសួរព័ត៌មានមួយចំនួន ដើម្បីងាយស្រួយក្នុងការតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលវិញត្រឡប់ទៅមូលដ្ឋាន ឬគេហដ្ឋានវិញផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា នៅពេលនេះម្នាក់ៗសុទ្ធតែមិនទុកចិត្តខ្លួនឯង ជាពិសេសក្រុមគ្រូពេទ្យ ដែលមានកាតព្វកិច្ចក្នុងការពិនិត្យសុខភាពបងប្អូនដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ដែលមានការប្រឈមជាងគេផងដែរ ។ ដូច្នេះពួកគាត់ត្រូវធ្វើការយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីចៀសវាងការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ ដូចអ្វីដែលយើងបានធ្វើនាថ្ងៃនេះ ដោយធ្វើការតាមដានសុខភាពបងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពីប្រទេសថៃ តាំងពីចូលមករហូតដល់មូលដ្ឋាន ។ ពីព្រោះថាមេរោគកូវីដ-១៩ មិនអាចមើលឃើញថា តើអ្នកណាមានផ្ទុកមេរោគនេះ ឬក៏អត់នោះទេ? ហើយប្រសិនបើបងប្អូនមានអាការៈក្តៅខ្លួន ក្អក ឬផ្តាសាយ ត្រូវប្រញាប់ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។

ឯកឧត្តម ងួន រតនៈ បានផ្ញើសាររបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកវិញ ត្រូវសរសេរអក្សរបិទនៅពីមុខផ្ទះរបស់ខ្លួនថា « គ្រួសារខ្ញុំទើបត្រឡប់មកពីប្រទេសថៃ» ដើម្បីងាយស្រួលឱ្យក្រុមគ្រូពេទ្យចុះអប់រំតាមខ្នងផ្ទះ អំពីវិធានការការពារការឆ្លងមេរោគកូវីដ-១៩ ផងដែរ។ នៅក្នុងពិធីសំណេះសំណាលនេះក៏មានអាជ្ញាធរខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ដែលបានមកត្រៀមទទួលពលករដែលបានវិញត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តរបស់ខ្លួនវិញ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បាននាំយកនូវ អាល់កុល ម៉ាស់ ជេលលាងដៃ ព្រមទាំងម៉ាស៊ីនវាស់កម្ដៅ ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចដែលឈរជើង នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ខេត្តបាត់ដំបង ផងដែរ៕

ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)