ក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប ឧបត្ថម្ភថវិកា៥០ម៉ឺនដុល្លារ និងសម្ភារការពារមួយចំនួនធំ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ក្រោមពាក្យស្លោក «កម្ពុជា-ចិនរួមចិត្តតែមួយ ព្រីនស៍អមដំណើរជាមួយ» លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានលើកឡើងថា  ការផ្តល់ជូនសម្ភារបង្ការការពារ ជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ ធ្វើឡើងក្នុងស្មារតីចូលរួមចំណែក​ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរ។

លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ(TYDA) បានមានប្រសាសន៍ថា ទាំងនេះជាសម្ភារដែលក្រុមគ្រូ ពេទ្យជួរមុខកំពុងត្រូវការជាបន្ទាន់ ជាពិសេសគឺម៉ាស៊ីនអ៊ុកស៊ីសែន  សម្លៀកបំពាក់ការពារ ម៉ាស់ និងឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩។ លោកជំទាវ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ដែលបានផ្តល់ជំនួយ ខណៈរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងត្រូវការខ្លាំងបំផុត។

លោកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានមានប្រសាសន៍ថា ក្រោមការបញ្ជា និងការដាក់ពង្រាយយុទ្ធសាស្ត្រផ្ទាល់របស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ប្រជាជនចិនទាំងអស់បានរួមគ្នាប្រយុទ្ធ ប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ១៩  ហើយបានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយការខិតខំ ប្រឹងប្រែងអស់រយៈពេលជាង៦០ថ្ងៃកន្លងមក។

លោកឧកញ៉ាបន្តថា ក្នុងគ្រាដ៏លំបាកបំផុតនៅដំណាក់កាលដំបូងនៃការតស៊ូ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដោយផ្ទាល់ ដោយមិនគិតពីហានិភ័យផ្ទាល់ខ្លួន និងបានជួយគាំទ្រដល់ការតស៊ូរបស់ប្រទេសចិន ចំពោះការរីករាលដាលនៃជំងឺនេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាតរភាពដ៏ជ្រាល ជ្រៅរវាងកម្ពុជា និងចិននៅពេលមានវិបត្តិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន សេដ្ឋកិច្ចរបស់ប្រទេស កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាល ដាលនៃជំងឺ កូវីដ១៩ របស់ប្រទេសកម្ពុជាបានឈានដល់ដំណាក់កាលដ៏សំខាន់មួយ។

ក្នុងនាមជាសហគ្រាសដែលមានដើមកំណើតនៅប្រទេសកម្ពុជា ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប ប្តេជ្ញាប្រឹងប្រែងអស់ពីសមត្ថភាព និងបន្តផ្តល់ជំនួយតាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជម្ងឺកូវិដ១៩នេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប គ្រោងនឹងបន្តទិញសម្ភារផ្នែកវេជ្ជសាស្ត្រពីប្រទេសចិនបន្ថែមទៀត ដើម្បីបន្តគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ហូលឌីង គ្រុប បានឧបត្ថម្ភដល់រាជរដ្ឋាភិបាល កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មានដូចជា៖ ទី១.  ថវិកាចំនួន៥០ម៉ឺនដុល្លារ អាម៉េរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ទី២. ឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជន សម្តេចតេជោនូវសម្ភារបង្ការការពារផ្សេងៗ ដែលមានតម្លៃជាង៦០ម៉ឺនដុល្លារ អាម៉េរិក ក្នុងនោះរួមមាន៖ ម៉ាស់N95 ចំនួន ២០០០០ម៉ាស់, ម៉ាស់ធម្មតាចំនួន២០០០០០ម៉ាស់, ម៉ាស់ការពារវេជ្ជសាស្ត្រចំនួន១៥០០០ម៉ាស់ , ថ្នាំសម្លាប់មេរោគ SURFANIOS ចំនួន៦ធុង, ថ្នាំសម្លាប់មេរោគ Hexanios ចំនួន២៧ធុង, chlorisarav29ចំនួន១០០, សម្លៀកបំពាក់ការពារវេជ្ជសាស្ត្រចំនួន ៧០០០ឈុត , ស្រោមដៃវេជ្ជសាស្ត្រចំនួន ៤០០០០គូ, ឧបករណ៍ផ្តិតយកសំណាកវេជ្ជសាស្ត្រចំនួន ២០០០០ឈុត, ម៉ាស៊ីនអ៊ុកស៊ីសែនចំនួន៥គ្រឿង, ម៉ាស៊ីនត្រួតពិនិត្យអ្នកជំងឺ(Patient monitor)ចំនួន៣គ្រឿ, ឧបករណ៍ចាក់ថ្នាំដោយស្វ័យប្រវត្តិចំនួន៣គ្រឿង, សម្លៀកបំពាក់ ការពារចំនួន៤០០០ឈុត, ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ចំនួន ២៦៤០០ឈុត និងទី៣. ឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិមានដូចជា៖  សម្លៀកបំពាក់ការពារ ចំនួន៥០០​ឈុត, ម៉ាស់ចំនួន ១០០០០​ម៉ាស់ និងស្រោមដៃចំនួន ១០០០០​គូ៕

ដោយ ម៉ៅ ចរិយា