ក្រុមហ៊ុន HODO GROUP ឧបត្ថម្ភម៉ាស់ចំនួនមួយលានម៉ាស់ ដើម្បីរួមចំណែកជួយ កម្ពុជាក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ដោយការសម្របសម្រួលពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងម្ចាស់ភាគហ៊ុនចិន​ក្រុមហ៊ុន HODO GROUP បានឧបត្ថម្ភម៉ាស់ចំនួនមួយលានជូនដល់កម្ពុជា ដើម្បីបង្ហាញពីការ​ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ក្នុងពិធីប្រគល់សម្ភារម៉ាស់ទាំងនេះជូនទៅដល់ឯកឧត្តម ទាន សំណាង អគ្គកុងស៊ុល នៃស្ថានកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោកZHOU HAIJIANG ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន HODO GROUP កាលពីចុងសប្ដាហ៍កន្លងទៅនេះ។

លោក ZHOU HAIJIANG ប្រធានក្រុមប្រឹក្សារក្រុហ៊ុន HODO GROUP បានគូសបញ្ជាក់​ថា ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ មក​​ ប្រទេសចិន និងប្រទេសកម្ពុជាបាន ធ្វើការគាំទ្រគ្នាទៅវិញទៅមក ហើយក្រុមហ៊ុន នឹងបន្តយកចិត្តទុកដាក់លើស្ថានភាពវិវត្តន៍​នៃ​ជំងឺកូវីដ-១៩នៅកម្ពុជា ដើម្បី​បញ្ជាក់ឱ្យឃើញថា​ទំនាក់ទំនងរវាងចិន និងកម្ពុជាគឺជា​មិត្តដែក​ថែប។ លោកបានបន្ដថា ​​ នេះគឺសកម្មភាពជាក់ស្តែងដែលបានបង្ហាញ​ពីការគោរពដ៏ឧត្តុង្គ​ឧត្តម​ពីប្រជាជនចិនចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាគឺជាការបង្ហាញឱ្យឃើញនូវមិត្តភាពដ៏ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជាផងដែរ។  លោក​ ZHOU HAIJIANG បានកត់សម្គាល់ឃើញថា នេះការចូលរួមចំណែក របស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការ​រឹត​បន្តឹងចំណងមិត្តភាពចិន-កម្ពុជាយ៉ាងធំធេង ​​ហើយក្រុមហ៊ុន HODO GROUP និងក្រុមហ៊ុន​តំបន់​សេសដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​នឹង​បន្តខិតខំប្រឹងប្រែង ដើម្បីចូលរួម ចំណែកឱ្យ​ចំណងមិត្តភាពចិន-កម្ពុជាឈានទៅដល់កម្រិត​ថ្មីៗ​បន្តែមទៀត។

ជាមួយគ្នានេះដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហម​កម្ពុជា បានផ្ញើលិខិតពិសេសមួយដោយថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅចំពោះសកម្មភាព​មនុស្សធម៌របស់ក្រុមហ៊ុន HODO GROUP។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរនៅក្នុង​លិខិត​នោះថា “បេសកកម្មរបស់កាកបាទក្រហមកម្ពុជាគឺ កាត់បន្ថយការរងទុក្ខវេទនារបស់​ប្រជាជនកម្ពុជា នឹងចាប់យកឱកាសនេះ ដែលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ការគាំទ្រឥតឈប់ឈរទាំងផ្នែកស្មារតី ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសម្ភារពីក្រុមហ៊ុន HODO GROUP ដល់កាកបាទក្រហមកម្ពុជា”។

ឯកឧត្តម ទាន​ សំណាង​បានកោតសរសើរចំពោះ​តំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ​ដែលត្រូវបានរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុនចិនគឺក្រុមហ៊ុនHODO GROUP ដែលបាន​បង្ហាញ​ពីការយល់ចិត្តគ្នាទៅវិញ​ទៅ​មករវាងប្រជាជនចិននិងកម្ពុជា និងជាការតភ្ជាប់ស្ពានមិត្ត​ភាពមួយរវាងប្រទេសចិន​និង​ប្រទេស​កម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលដ៏​ពិសេសនេះ គឺមានការសម្របសម្រួលរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងក្រុម​ហ៊ុន​HODO GROUP បានផលិតម៉ាស់ចំនួនមួយលានម៉ាស់ ជាបន្ទាន់ជូនចំពោះរាជរដ្ឋាភិ​បាល និងប្រជាជនកម្ពុជា។ ឯកឧត្ដមបានចាត់ទុកថា នេះគឺជាការបង្ហាញនូវភាពជា​បងប្អូន​ដែលមិនអាចបំបែកបានរវាងចិននិងកម្ពុជា។ ឯកឧត្តមជឿជាក់ថា ម៉ាស់ទាំងនេះពិតជាអាច ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមបញ្ជាក់ផងដែរថា ចាប់តាំងពីកើតមានជំងឺកូវីដ-១៩បានផ្ទុះឡើងមក​​ ​តំបន់ សេដ្ឋកិច្ច​ពិ​សេសក្រុងព្រះសីហនុបានចាត់វិធានការយ៉ាងឆាប់រហ័​ត ដើម្បីផ្តោតទៅលើការរក្សា​និង​ការពារសុខភាពរាងកាយ និងជីវិតរាប់ម៉ឺននាក់ទៀត​ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ដើម្បីរួមចំណែកទទួលខុសត្រូវមួយនៅនក្នុងសង្គម ការខិតខំប្រឹងប្រែដោយ​ពេញទំហឹងដើម្បីកសាង“របាំងទប់ស្កាត់” បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាល​នៅ​​តំបន់​​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លើសពីនេះទៀត តំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុក៏បានដើរតួនាទីជាស្ពានយ៉ាងពេញលេញ ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន HODO GROUP​ ក្នុងការផ្តល់ជំនួយជាម៉ាស់ចំនួនមួយលានម៉ាស់ ដែលបង្ហាញឱ្យឃើញ​ពីការ​ប្តេជ្ញាចិត្តក្នុងការរួមដៃជាមួយរាជរដ្ឋាភិបាលកម្ពុជានិងប្រជាជនពលរដ្ឋក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩  ជាពិសេសការកសាងស្ពានមិត្តភាពរវាងប្រទេសចិន-កម្ពុជា៕

ដោយ រិទ្ធី