ឯកឧត្ដម ឃួង ស្រេង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងរៀបចំស្ថាបនាសួនច្បារថ្មី នៅតាមបណ្តោយវិថីភ្នំពេញ-ហាណូយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង គម្រោងរៀបចំស្ថាបនាសួនច្បារថ្មី។ សួនថ្មីនេះមានទីតាំង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ ១០១៩ (វិថីភ្នំពេញ-ហាណូយ) ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ ក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា សួនច្បារថ្មីមួយនេះ មានបណ្តោយប្រវែង ៥៥០ម៉ែត្រ ទទឹង ១៦ម៉ែត្រ ដោយរៀបចំឱ្យមាន ជាទីធ្លាលំហែកម្សាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្ត ម៉ូតូ និងបង្គោល បំភ្លឺសួនច្បារផងដែរ ដើម្បីងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋបានមក លំហែកម្សាន្ត និងបានហាត់ប្រាណនៅទីនេះ។

លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ឱ្យដឹងហើយថា សួនច្បារថ្មីនេះ បានចាប់ផ្ដើម អនុវត្តន៍ការដ្ឋានកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយជាគម្រោងសួនច្បារនេះ គ្រោងនឹងស្ថាបនា ឱ្យបានរួចរាល់ក្នុងរយៈពេល ៤ទៅ៥ខែទៀត។

លោក សំ សាមុត បានបញ្ជាក់ថា ការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ ពេលមិនយូរប៉ុន្មានទេ។ ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យ សាធារណៈនៅ លើសួនច្បារនេះតែម្តង។

លោកបន្តថា សួនច្បារនេះ មិនត្រឹមតែជាកន្លែងទាក់ទាញនូវ ភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយសម្រាប់ប្រជាពលរដ្ឋបាន ហាត់ប្រាណផងដែរ ព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជំងឺគ្រប់ប្រភេទដ៏ស័ក្តិសិទ្ធ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ៕

ដោយ សួស សំរិត