ក្រសួងព័ត៌មាន នឹងដាក់ឱ្យដំណើរការកម្មវិធីបង្រៀនពីចម្ងាយតាមរយៈ App ក្រសួងព័ត៌មាន ដើម្បីឱ្យសិស្សានុសិស្សអាចរៀនដោយខ្លួនឯង 

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ដើម្បីជាការចូលរួមចំណែកជាមួយក្រសួង អប់រំ យុវជន និងកីឡា ក្នុងការបង្រៀនតាម E-Learning នៅដំណាក់កាលផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះដ្ឋានសាធារណៈ និងឯកជន ទូទាំងប្រទេស ដោយសារបញ្ហាជំងឺកូវីដ-១៩នោះ ក្រសួងព័ត៌មានបានរៀបចំកម្ម​វិធីបង្រៀនពីចម្ងាយ E-Learning និងគ្រោងដាក់ឱ្យដំណើរការកម្មវិធីនេះ ដើម្បីផ្ដល់ឱ្យ​សិស្សា​នុ​​សិស្ស​អាច​រៀន​ដោយខ្លួនឯងបានតាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់​ទៅ​កាន់​​ទូរ​ទស្សន៍ Satellite តេជោ DTV ។

ក្នុងកិច្ចប្រជុំជាលើកទី២ ដើម្បីពិនិត្យត្រៀម រៀបចំកម្មវិធីបង្រៀនពីចម្ងាយ E-Learning តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយបន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានមានប្រសាសន៍ថា នៅក្នុងដំណាក់កាល ដែលមានការបិទសាលា រៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃ មេរោគ​កូវីដ-១៩ ហើយសិស្សា​នុសិស្សមិនបានមករៀននៅសាលានោះ ក្រសួងព័ត៌មាន បានរៀបចំ​ជា​កម្មវិធី​បង្រៀននៅ​តាមប្រព័ន្ធចំនួនពីរ ទី១ តាមរយៈ App ក្រសួងព័ត៌មាន និងផ្សាយ​បន្តផ្ទាល់ទៅកាន់ទូរទស្សន៍ Satellite តេជោ DTV   ដែលផ្តល់ភាពងាយស្រួលឱ្យសិស្សានុ​សិស្ស អាចបើកមើលតាមរយៈ​ទូរទស្សន៍ ទូរសព្ទដៃ ដែលមានប្រព័ន្ធអ៊ិនធឺណេត និងតាម​បណ្តាញ​ផ្កាយរណបរបស់ តេជោ DTV ដែលមាននៅកម្ពុជា។  ទន្ទឹមនេះ ទូរទស្សន៍ DTV នេះ​គឺ​​មាន​ភាព​ងាយស្រួលឱ្យក្មួយៗ​សិស្សានុសិស្សបើកមើលបានដោយមិនចាំបាច់ប្រើអ៊ិនធឺ​ណេត។ ឯកឧត្ដមរដ្ឋមន្រ្តីបាន​បញ្ជាក់​ថា កិច្ចការងារនេះធ្វើឡើងជាការចូលរួម​ចំណែក​ជាមួយ ក្រសួង​អប់រំ យុវជន និងកីឡា ដែល​កំពុងធ្វើការបង្រៀនតាមរយៈ App ផ្លូវការរបស់​ខ្លួន​ផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា តាមរយៈកម្មវិធីទាំងពីរដែលក្រសួងព័ត៌មាន បាន បង្កើតឡើងនេះ មិនត្រឹមតែជាការបង្រៀនមេរៀនដល់កូនសិស្សនោះទេ តែក៏ជាប្រព័ន្ធជូន ដំណឹងដល់ប្រជាពលរដ្ឋ ឱ្យបានដឹងនូវរាល់ដំណឹងថ្មីៗ ទាន់ហេតុការណ៍ ហើយទុកចិត្តបាន ព្រោះវាមានសារៈសំខាន់ណាស់ក្នុងស្ថានភាពបច្ចុប្បន្ន ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ ក៏ដូច ការផ្តល់ភាពកក់ក្តៅជូនដល់ប្រជាជន កុំឱ្យជឿលើដំណឹងមិនពិតបា្រកដ។ ឯកឧត្ដមបាន​បន្ថែម​ថា នៅពេលសាលារៀនបើកដំណើរការឡើងវិញក៏ដោយ ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏ នៅ​​តែ​ផ្សាយកម្មវិធីអប់រំផ្សេងៗជាច្រើនទៀតផងដែរ ដើម្បីទុកជាប្រយោជន៍ដល់អ្នកសិក្សា ស្រាវជ្រាវ ដែលអាចស្វែងរកឯកសារបាន តាមរយៈកម្មវិធីរបស់ក្រសួងព័ត៌មាន បានបង្កើត​ឡើងនោះ។ 

ឯកឧត្ដម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាអ្នកដឹកនាំរៀបចំកម្មវិធី ទូរទស្សន៍ដៃវៃ​ឆ្លាត​របស់ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅពេលដែលសិស្សានុសិស្ស អាណាព្យាបាល និង បងប្អូនប្រជាពលរដ្ឋ ធ្វើការទាញយកកម្មវិធី App របស់ក្រសួងព័ត៌មាន ដាក់ក្នុងទូរសព្ទស្មាត ហ្វូនរបស់ខ្លួន គឺអាចបើកមើលបាននូវការផ្សាយគ្រប់បណ្តាស្ថានីយ៍ វិទ្យុ និងទូរទ្សន៍ ក្នុងស្រុក និងកាសែតនានាផងដែរ ជាពិសេសកម្មវិធីបង្រៀនពីចម្ងាយ E-Learning ដែលអាចបើកមើល បានការបង្រៀន តាមប្រព័ន្ធនេះដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ ប្រព័ន្ធនេះ ក៏មានភាព​ងាយ​ស្រួល ទាញយកឯកសារ មករក្សាទុកបានគ្រប់ពេលវេលាទាំងអស់ នៅពេលគម្រោង​កិច្ចការ​ងារនេះ ដំណើរការទៅ។

ឯកឧត្ដម  បាន ភុធ ទីប្រឹក្សាក្រសួងព័ត៌មាន   និងជាប្រធានគ្រប់គ្រងក្រុមហ៊ុនទូរ​ទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជាបានបញ្ជាក់ពីកិច្ចសហការជាមួយក្រសួងព័ត៌មាន កម្ពុជា ក្នុងការបង្រៀនពីចម្ងាយ  E-Learning តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ តេជោ DTV  ដែលពេលនេះខាងក្រុមហ៊ុន បានត្រៀមរួចរាល់អស់ហើយ ក្នុងការជួយលើផ្នែកបច្ចេក​ទេសការផ្សាយតាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ឯកឧត្ដមបានជម្រាប ជូនដែរថា កិច្ចការងារនេះ គឺធ្លាប់បានធ្វើនៅក្នុងប្រទេសថៃកាលពីជាង១០ ឆ្នាំមុន ហើយ ទទួល​​បានជោគជ័យ។ ឯកឧត្ដមបានបន្ដទៀតថា ក្រុមហ៊ុនឯកឧត្ដមបានធ្វើកិច្ចសហការ​ជា​មួយក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹង​ទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋដោយសារបច្ចុប្បន្ននៅកម្ពុជា មាន​​អតិថិជនប្រើប្រាស់ប្រព័ន្ធ ទូរទស្សន៍ Satellite តេជោ DTV ចំនួនប្រមាណ ៨ សែនគ្រឿង ហើយបើគិតអ្នកដែលទស្សនាវិញគឺមានប្រមាណជិត ៣ លាននាក់៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា