គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រង ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់គ្រប់គ្រង​ប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតី​ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា។

បើតាមប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចប្រជុំបិទទ្វារដែលបានចំណាយ​ពេលប្រមាណ៣ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ទៅ​កាន់​គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រង​ប្រទេស​ជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជាពិភពលោកទាំងមូល កំពុង​រីករាលដាលនៃជំងឺកូវីដ-១៩ មានលក្ខណៈជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា កម្ពុជាមិនមានទាន់ច្បាប់គ្រប់គ្រងប្រទេសជាតិក្នុងគ្រាមានអាសន្ន​នៅឡើយ​នោះទេ។ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់​គ្រងប្រទេស ជាតិ ក្នុងគ្រាមានអាសន្ន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋ និង​អង្គ​ការសង្គមស៊ីវិលផងដែរ កុំឱ្យមានការព្រួយបារម្ភច្បាប់នេះ ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។

ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មាន​បន្ទាប់​ពីការអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបាន​ធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមាន​ការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។

សម្តេចតេជោបានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រា​មានសអាសន្ន ត្រូវបានរៀបចំដោយ ឯកឧត្ដម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំង​បានបញ្ជូនទៅបណ្តាឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ សម្តេចតេជោ ហ៊ុន សែន បាន​បន្ថែម​ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេច​ក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និង​សម្រេច​ក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ សម្តេចតេជោ ក៏បានបង្ហាញក្តី​រំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ។

បើយោងតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិត​នៅក្នុងគ្រា​អាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែល​មិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ន​នោះទេ។​មាត្រា២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបាន​មតិ​ឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»៕

ដោយ ជឹម ណារី