សេចក្តីព្រាងច្បាប់ចំនួន៣ របស់រាជរដ្ឋាភិបាល បានធ្លាក់ដល់ដៃព្រឹទ្ធសភាហើយ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — សេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលទុកជាការប្រញាប់ បានធ្លាក់ដល់ដៃព្រឹទ្ធសភាហើយៗ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានឹងលើក យកមកពិនិត្យនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ដើម្បីដាក់បញ្ចូលសេចក្តីព្រាងច្បាប់ទាំងនោះ ​ទៅក្នុងរបៀបវារៈ​សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកា​ល​ទី៤ នាពេលខាងមុខនេះ។ 

នៅក្នុងសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធ​សភាបានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនានេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធ​សភានៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០  នឹងមានរបៀបវារៈចំនួន៤ក្នុងនោះរួមមាន៖ ១-ពិនិត្យនិងសម្រេចលើសំណើរបស់ គណៈកម្មការ ទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិនគ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រ​អគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ ខេត្តកោះ​កុងទៅក្នុងរបៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។ ទី២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តី​ពី ការអនុម័ត​យល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រ អគ្គិសនីដុតធ្យូងថ្ម អានុ​ភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ ទៅក្នុងរបៀបវារៈប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤។ ទី៣-ពិនិត្យនិងសម្រេចលើសំណើរបស់ គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានា ទូទាត់របស់រាជ រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុល តភ្ជាប់ ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើតទៅក្នុង របៀបវារៈប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ និងទី៤- កិច្ចប្រជុំគណៈកម្មាធិការអចិ ន្ត្រៃយ៍ព្រឹទ្ធ​ស​ភា​នឹងពិភាក្សាអនុម័តលើកាលកំណត់របៀបវារៈ និងកាលបរិច្ឆេទ ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ទាំង៣នេះ ​​ត្រូ​វ​​បានអង្គប្រជុំវិសាមញ្ញរដ្ឋសភា នីតិកាលទី៦ អនុម័តដោ​យ​សំឡេង ១០៩សំឡេង នៃអង្គប្រជុំទាំងមូល កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយបានបញ្ជូនមកសុំយោ​បល់សម្រេច​ពីអង្គព្រឹទ្ធសភា មុននឹងបញ្ជូនថ្វាយព្រះមហាក្សត្រឡាយ​ព្រះហស្តលេខាជាធរមាន៕

ដោយ ប៉ាល់ សុង