ម៉ាឡេស៊ីរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១៥៦ករណី និងស្លាប់៣នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសម៉ាឡេស៊ីបានរាយការណ៍ថា បានពិនិត្យរកឃើញមានករណីឆ្លងថ្មីនៃជំងឺរាតត្បាតជាសកល COVID-19 ចំនួន ១៥៦ករណី នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ ២,៦២៦នាក់។នេះតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia។លោកវេជ្ជបណ្ឌិត ណ័រ ហីសាម អាប់ឌុលឡាហ (Noor Hisham Abdullah )អគ្គនាយកសុខាភិបាលម៉ាឡេស៊ីបានថ្លែងក្នុងសន្និសីទកាសែតឲ្យដឹងថា គិតត្រឹមយប់ថ្ងៃចន្ទម្សិលមិញនេះ ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៣៧នាក់ផងដែរ បន្ទាប់អ្នកជំងឺ៣នាក់ទៀតបានបាត់បង់ជីវិតដែលពួកគេសុទ្ធតែមានជំងឺប្រចាំកាយដូចជា ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺខ្សោយប្រព័ន្ធភាពស៊ាំជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នភាពនៅប្រទេសម៉ាឡេស៊ីមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសមាន ២,៦២៦ករណី ស្លាប់ចំនួន៣៧ករណី និងអ្នកជំងឺដែលបានជាសះស្បើយបានកើនឡើងដល់ ៤៧៩នាក់៕
ប្រភព៖ សារព័ត៌មាន Channel News Asia