សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បន្តចុះយុទ្ធនាការអប់រំផ្សព្វផ្សាយនូវវិធានការការពារ ការចម្លងពីជំងឺកូវីដ-១៩ នៅស្រុកពេជ្រាដា

AKP មណ្ឌលគិរី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ — ដើម្បីចូលរួមចំណែកក្នុងការឆ្លើយតបនឹងវិធានការការពារនានា សម្រាប់កាត់បន្ថយការរីករាលដាលនៃជំងឺកូវីត-១៩ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសហការីសាខា អនុសាខា និងមន្រ្តីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានបន្តចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីត-១៩ ជូនដល់ប្រជាពលរដ្ឋនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

លោក សាយ ម៉េងគីម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយប្រកាន់ខ្ជាប់​នូវ​អនាម័យ​ល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសវាងពីជំងឺនានា ជាពិសេសជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងតំបន់ និងពិភពលោក។

ទន្ទឹមនឹងនេះ លោក សាយ ម៉េងគីម ក៏បានណែនាំដោយអនុវត្តន៍តាមវិធី ដូចជា ១.លាងដៃនឹងសាប៊ូ ជាមួយទឹកស្អាត ឬទឹកអាល់កុល ឱ្យបានញឹកញាប់។ ២. នៅពេលក្អក ឬ     កណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ។ ៣.ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។ ៤.កាត់បន្ថយការជួបជុំក្នុងសង្គម និងការចំណាយពេលវេលានៅកន្លែងប្រមូលផ្ដុំ ។ ៥.ចៀសវាងប៉ះពាល់ ជិតស្និទ្ធ ជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឬផ្ដាសាយ ។ ៦.សម្អាត និងសម្លាប់មេរោគលើវត្ថុនិងលើផ្ទៃឱ្យបានញឹកញាប់។

ក្នុងយុទ្ធនាការនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានផ្តល់ម៉ាស់ និងអាល់កុល ជូនដល់រដ្ឋបាលស្រុកពេជ្រាដា ផ្តល់សាប៊ូ និងអាវយឺត ជូនដល់ប្រជាពលរដ្ឋ ថែមទាំង បានចុះបិទសារអប់រំ ស្តីពីវិធានការ ការពារការចម្លងពីជំងឺកូវីដ-១៩ ដោយចាក់សំឡេងបំពង និងអានសារជាសំឡេងអប់រំផ្ទាល់ នៅតាមលំនៅឋាន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

ដោយ ណយ នឿន (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)