សហព័ន្ធរុស្ស៊ី នឹងបន្តជួយកម្ពុជាលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី៣០  ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ដែល​បញ្ចប់​អាណត្តិការទូត បានថ្លែងថា សហព័ន្ធរុស្ស៊ី នឹងបន្តជួយកម្ពុជាលើការ​ប្រយុទ្ធប្រឆាំង​ព័ត៌មានក្លែង​ក្លាយ និងជំងឺកូវីដ-១៩។  នេះបើ​តាម​ការឱ្យដឹងរបស់ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បន្ទាប់ពីសម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឌីមីទ្រី ធ្វីតកូស (Dmitri Tsvetkov) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ចូលជួប​សម្ដែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមបញ្ចប់អាណត្តិការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឌីមីទ្រី បានសម្ដែងអំណរគុណ ជូនចំពោះសម្ដេចតេជោ និងថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ ដោយឯកឧត្តមមកបំពេញបេសក​កម្ម​ការទូត រយៈពេល៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការគាំទ្រ និងជួយ​ជ្រោមជ្រែងយ៉ាងខ្លាំង ពីសម្ដេចក៏ដូចជាមន្ត្រីថ្នាក់ដឹកនាំទាំងអស់ របស់ព្រះរាជាណាចក្រ​កម្ពុជា។ ឯកឧត្ដមបានលើកឡើងថា ការគាំទ្រនេះធ្វើឱ្យឯកឧត្តម បានទទួលជោគជ័យ​យ៉ាងត្រចះត្រចង់ក្នុងបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល៦ឆ្នាំនេះ រុស្សី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួន៥២ ហើយមានឯកសារចំនួន ១៤ ផ្សេងទៀតកំពុងត្រូវបានរៀបចំតាក់តែង។ ជាមួយនេះ ឯកឧត្តមក៏បានរៀបចំ ឱ្យមានឱកាសដំណើរទស្សនកិច្ច របស់​ឯកឧត្ដមនាយករដ្ឋមន្ត្រីរុស្ស៊ី មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេច​តេជោ ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ហើយដែលក្នុងនោះ ក៏មានការចុះហត្ថលេខាជាច្រើន។ ជាងនេះទៀត ឯកឧត្តមក៏បានគោរពជម្រាបជូន សម្ដេចតេជោថា នៅក្នុងដំណាក់កាល​ខាងមុខនេះ រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជា ជាពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មាន​ក្លែងក្លាយ ហើយជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី។ ទន្ទឹមនេះ រុស្ស៊ីក៏កំពុងតែត្រៀមរៀបចំជួយកម្ពុជាជាថ្នាំសង្កូវ ដើម្បី​ជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ឌីមីទ្រី  ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសក​កម្ម​ការទូតនៅកម្ពុជា។ សម្ដេចតេជោមានប្រសាសន៍ថា ឯកឧត្តមឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយ ដែលបានស្ដារឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ី ដែលមានវ័យចំណាស់មកហើយ មកកាន់ដំណាក់កាលថ្មី។ លើសពីនោះទៅទៀត ឯកឧត្តម ក៏បានរៀបចំឱ្យមាន ដំណើរ​ទស្សនកិច្ចជាផ្លូវការ ហើយជាប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីរុស្ស៊ី និងដំណើរទស្សន​កិច្ច​ជាផ្លូវការ របស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនរុស្ស៊ី ដែលតែងតែជួយកម្ពុជាកន្លងមក ហើយ​បន្តជួយដល់កម្ពុជាថែមទៀត លើបញ្ហាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ដូច​ជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។

សម្ដេចតេជោបានបញ្ជាក់ផងដែរថា ជាការពិតកម្ពុជា-រុស្ស៊ី មានទំនាក់​ទំនងរយៈ​ពេល​យូរឆ្នាំមកហើយ ប៉ុន្តែយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ នៅតូច​នៅ​ឡើយ។ ដូច្នេះគប្បីណាភាគីទាំងពីរ ជំរុញពិនិត្យមើលសក្ដានុពលទាំងឡាយណា ដែល​អាច​ជំរុញ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែធំធាត់ឡើងថែមទៀត៕

ដោយ  ជឹម ណារី