សម្ដេចតេជោ ហ៊ុន សែន៖ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន នឹងត្រូវ ដាក់ឆ្លងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រសប្ដាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅលើបណ្ដាប្រទេស និងដែនដីនានាជាច្រើននៅលើពិភពលោកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស​ក្នុង​គ្រាមានអាសន្ន នឹងត្រូវដាក់ឆ្លងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រទី០៣ ខែមេសា​ឆ្នាំ២០២០នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយពីបញ្ចប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិ​កាលទី៦ នាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឥឡូវសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្នបាន​ធ្វើរួ​ច​រាល់ហើយ សម្ដេចនឹងដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅថ្ងៃស្អែកទី៣១ ខែមីនានេះ ដើម្បីពិនិត្យមុនពេលដាក់ប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះតែម្ដង។ សម្ដេចតេជោក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ហើយគិត​ថាកម្ពុជា នឹងត្រូវបិទប្រទេស កម្ពុជានឹងត្រូវប្រើច្បាប់អាជ្ញាសឹក កម្ពុជាត្រូវធ្វើនេះ ឬធ្វើនោះ។ ក៏ប៉ុន្តែសម្ដេចអាចនិយាយបានថា កម្ពុជាចាំបាច់ត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ប្រទេស​ជាច្រើនបានអនុវត្តន៍នូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងការរីករាល​ដាលនៃជំងឺ​កូវីដ-១៩នេះ។ សម្ដេចតេជោថ្លែងបន្តថា សម្រាប់កម្ពុជាឥឡូវនេះ យើងមិនទាន់មាន​ច្បាប់​ណាដើម្បីនឹងត្រួតត្រាសភាពការណ៍ នៅពេលដែលត្រូវដាក់ប្រទេសក្នុងគ្រា​មានអាសន្ននោះ​ទេ។ ដូច្នេះច្បាប់មួយត្រូវតែបង្កើតឡើង បើទោះបីជាចង់ ឬមិនចង់ យើងត្រូវមានឧបករណ៍​ច្បាប់នៅក្នុងដៃ ដើម្បីឱ្យរដ្ឋអនុវត្តន៍ទៅដោយរលូន។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើឡើងថា  នៅក្នុងមាត្រាទី២២នៃរដ្ឋធម្មនុញ្ញ គឺចែងយ៉ាងខ្លីទាក់ទងជាមួយនិងករណី ដែលប្រទេសជាតិ​ជួបនិងគ្រោះមហន្តរាយ ព្រះមហាក្សត្រទ្រង់ប្រកាសជាសាធារណៈដាក់ប្រទេស​ជាតិក្នុងគ្រា​មានអាសន្ន ដោយមានការឯកភាពពីសំណាក់នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធាន​ព្រឹទ្ធសភា។ ប៉ុន្តែអ្វីខ្លះដែលជាវិសាលភាពកម្រិតណា និងវិធានការបែបណាដែលនឹងត្រូវធ្វើ​នោះ គឺក្នុងក្របខ័ណ្ឌព្រះរាជក្រឹត្យមិនអាចចាប់បង្ខំរហូតដល់ទៅមានទោសទណ្ឌបានទេ។ សម្ដេចតេជោបានលើកជាឧទាហរណ៍ថា ប្រជាជនលើសពី១០នាក់ មិនឱ្យមានការជួបជុំគ្នា សួរថាតើយើងមានច្បាប់ឯណាដើម្បីនឹងផ្ដន្ទាទោសសម្រាប់អ្នកបំពានច្បាប់បែបនេះ ឬក៏ទាក់​ទិនជាមួយនឹងការបិទប្រទេស ទាក់ទាក់ទងនឹងការបិទផ្នែកណាមួយនៃដែនដីណាមួយនោះ ក៏មិនទាន់អាចធ្វើទៅរួចតាមរយៈនៃព្រះរាជក្រឹត្យនោះដែរ ដូច្នេះស្ថានភាពយើងអាចធ្វើបាន​ក៏ប៉ុន្តែវាទាក់ទងទៅនឹងធម្មនុញ្ញភាព និងប្រសិទ្ធភាពនៃការអនុវត្ត។

សម្ដេចតេជោគូសបញ្ជាក់ទៀតថា  “ខ្ញុំចង់បញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើងថា កម្ពុជា​ក្នុងរយៈពេល២៧ឆ្នាំហើយ ចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់ពេលនេះ ក្នុងឋានៈជាអ្នក​​គ្រប់​គ្រងអំណាចរដ្ឋដែលជាប់ជាប្រចាំ ខ្ញុំមិនដែលគិតដល់ថា នឹងធ្វើច្បាប់បែបនេះនោះទេ។ ក៏ប៉ុន្តែឥឡូវនេះសភាពការណ៍តម្រូវឱ្យធ្វើហើយ ដោយសារតែយើងពិនិត្យមើលស្ថាន​ភាពនៅ​លើពិភពលោកទាំងមូល មិនទាន់មានប្រទេសណាមួយដែលចាត់ទុកថាធូរស្រាលនោះទេ ក្រៅតែពីប្រទេសចិនដែលមានលទ្ធភាពធូរស្រាល និងប្រទេសខ្លះដែលចាត់ទុកថាមានលទ្ធ​ភាព​​ធូរស្រាលពីជំងឺកូវីដ១៩នោះ។” សម្ដេចតេជោបានថ្លែងអះអាងចំពោះប្រជាពលរដ្ឋ និង​ធុរកិច្ចជាអ្នកវិនិយោគនៅក្នុងនិងក្រៅប្រទេស អាជីវករ និងអ្នកទេសចរទាំងអស់ថា បន្ទាប់ពី ជំងឺកូវីដ-១៩ សម្ដេចនៅតែគិតថា បើទោះបីជាមានច្បាប់ហើយក្ដី  ការប្រកាសដាក់ប្រទេស​ក្នុងគ្រាមានអាសន្ន ហើយច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ពុំមែនជាលទ្ធភាព​ដែល​ត្រូវអនុវត្ដន៍ដោយភាគច្រើន ដែលត្រូវអនុវត្តន៍នោះទេ។ សម្ដេចតេជោ​នៅតែគិតថា នេះ​គ្រាន់តែជាមធ្យោបាយឱ្យមានក្នុងដៃតែប៉ុណ្ណោះ នៅពេលដែលសភាពការណ៍ត្រួត​ត្រាមិន​បាន ដោយអំណាចរបស់សមត្ថកិច្ច ជាកម្លាំងនគរបាល ឬអាវុធហត្ថ នៅក្នុងការត្រួត​ត្រា​សភាពការណ៍យើងអាច និងបញ្ចេញកងទ័ពដើម្បីត្រួតត្រាក្នុងក្របខ័ណ្ឌគ្រាមានអាសន្ន ឬនិយាយមួយបែបក្រោមក្របខ័ណ្ឌនៃរបបសឹក។ ប៉ុន្តែយើងនឹងមានចែងច្បាស់ហើយ ដែល​សេចក្ដីព្រាងច្បាប់នេះគេនឹងអាចបានដឹងនៅថ្ងៃសុក្រខាងមុខនេះ តើនឹងមានវិធានការអ្វីខ្លះ​នៅពេលនោះ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា “តែអ្វីដែលខ្ញុំចង់បញ្ជាក់សូមឱ្យ​ប្រជាពល​រដ្ឋរបស់យើងនឹងនរចិត្ត រាជរដ្ឋាភិបាលច្បាស់ណាស់ថាមកដល់ពេលនេះ មិនទាន់មានដាក់​បម្រាមណាមួយហាមមិនឱ្យប្រជាពលរដ្ឋជួបជុំគ្នាលើសពី៣នាក់ ឬ៥នាក់នោះទេ គ្រាន់តែ​អង្វរ​ក​កុំឱ្យមានការជួបជុំដោយមានមនុស្សច្រើនតែប៉ុណ្ណោះ។ សម្ដេចតេជោនាយករដ្ឋ​មន្ត្រី​បានបន្ដទៀតថា សម្រាប់សម្ដេចគឺចង់ឱ្យប្រជាពលរដ្ឋរបស់យើងបន្តដំណើរជីវភាព សេដ្ឋកិច្ច​សង្គមជាបន្តទៀត ប៉ុន្តែក្នុងកម្រិតប្រុងប្រយ័ត្នដោយកាត់បន្ថយកាជួបជុំក្នុងទ្រង់ទ្រាយធំ។ ដូច្នេះ ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន នឹងចេញពិតប្រាកដ និងសូមការ​យោគយល់ពីប្រជាពលរដ្ឋអំពីការចាំបាច់របស់រដ្ឋ របស់រាជរដ្ឋាភិបាលនៅក្នុងការគ្រប់​គ្រងរដ្ឋ​ក្នុង​គ្រាមានអាសន្ន។ ទន្ទឹមនេះ សម្ដេចតេជោក៏សូមឱ្យប្រជាពលរដ្ឋកុំមានការព្រួយ​បារម្ភអំពី​ច្បាប់នេះ ហើយខ្ញុំមិនចង់ប្រើច្បាប់នេះទេ គ្រាន់តែចង់ឱ្យមាននៅក្នុងដៃ​ទាល់តែសភាព​ការណ៍​ត្រួត្រាលែងបាន ទើបយើងនឹងប្រកាសច្បាប់នេះដើម្បីគ្រប់គ្រងក្នុងគ្រាមានអាសន្ន ក្នុងរយៈពេលមួយជាកំណត់៕

ដោយ ជឹម ណារី