រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលជាឯកច្ឆន្ទ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — សមាជិករដ្ឋសភាចំនួន១២១រូប  នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានធ្វើការ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជាឯកច្ឆន្ទ ទៅតាមការស្នើឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា ណាចក្រកម្ពុជា។

ការបោះឆ្នោតនេះសម្រាប់តំណែងរដ្ឋមន្ត្រី ដែលរដ្ឋសភាបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តនេះមាន៖ ឯកឧត្តម ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុ វត្តន៍។ ឯកឧត្តម កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួស ឯកឧត្តម អង្គ វង្សវឌ្ឍនា។ ឯកឧត្តម ជា វ៉ាន់ដេត ជារដ្ឋមន្ត្រីក្រសួងប្រៃ​សណីយ៍ និងទូរគមនាគមន៍ ជំនួស ឯកឧត្តម ត្រាំ អ៊ីវ តឹក។ ឯកឧត្តម ឈុត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជំនួសឯកឧត្តម  ហ៊ឹម ឆែម។ ឯកឧត្តម ព្រំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណ:ជំនួស ឯកឧត្តម ពេជ្រ ប៊ុនធិន។ ចំណែកសម្រាប់តំណែងជាទេសរដ្ឋមន្ត្រី ដែលរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តរួមមាន៖ ឯកឧត្តម ចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ឯកឧត្តម ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ឯកឧត្តម អង្គ វង្សវឌ្ឍនា ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសក កម្មពិសេស។ ឯកឧត្តម ត្រាំ អ៊ីវ តឹក ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។ ឯកឧត្តម ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។

សូមបញ្ជាក់ថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានការអញ្ជើញចូលរួមផងដែរ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល។

នៅក្នុងសម័យប្រជុំវិសាមញ្ញនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការកែសម្រួលសមាសភាព រាជរដ្ឋាភិបាលនាពេលនេះ តម្រូវតាមការចាំបាច់ដើម្បីអនុវត្តន៍កម្មវិធីនយោ​បាយរបស់ រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត​៕

ដោយ ប៉ាល់ សុង