អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅ នៅក្នុងបរិវេណប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — ដើម្បីលើកកម្ពស់សោភណភាពប្រាសាទអង្គរវត្ត​ ឱ្យកាន់តែមាន​ភាព​ស្រស់ស្អាតតាម រយៈធ្វើឱ្យបរិវេណអង្គរឱ្យមានភាពបៃតងនោះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការ រៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលគិតមកដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ មានរយៈពេលជាងមួយសប្តាហ៍ហើយ ដែលក្រុមការងារគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរាមមាញឹកក្នុងការជីកដីបង្កប់ទុយោ ដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដំណើរការរៀបចំប្រព័ន្ធទឹកស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ត្រូវការរយៈពេល២ខែទើបបញ្ចប់។ ក្នុងការជីកដីបង្កប់ទុយោ ពីមួយជួរទៅមួយជួរ គឺមាន គម្លាត២០ម៉ែត្រពីគ្នា ហើយមានជម្រៅពី៣តឹកកន្លះឡើងទៅតាមសណ្ឋានដី។

លោក សុឃីម ក៏បានបញ្ជាក់ដែរថា ការជីកដីបង្កប់ទុយោនេះ មិនប៉ះពាល់ដល់បុរាណ ដ្ឋានឡើយ ព្រោះមានការពិនិត្យ និងសិក្សាច្បាស់លាស់ពីអ្នកជំនាញបុរាណវិទ្យាមុន អនុវត្តន៍ការងារ។ ចំពោះការស្រោចស្រពស្មៅវិញ ក្រុមការងារនឹងស្រោចនៅពេលល្ងាច ដើម្បីចំណេញទឹក ហើយប្រភពទឹកយកមកស្រោចស្មៅ គឺយកពីកសិន្ធុទាំងពីរ។

ក្រោយបញ្ចប់ការងារនេះ លោកក៏សង្ឃឹមថា ស្មៅនៅក្នុងបរិវេណប្រាសាទអង្គរវត្តនឹង មានភាពបៃតងស្រស់ទាំងរដូវប្រាំង និងរដូវវស្សា ពិសេសទាក់ទាញទេសចរឱ្យមកទស្សនា បូជនីយដ្ឋានដ៏ពិសិដ្ឋនេះបានកាន់តែច្រើន។ ក្រៅធ្វើឱ្យស្មៅនៅក្នុងតំបន់អង្គរនេះបៃតង ក្រុមការងារក៏នឹងរៀបចំផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យត្រូវតាមគម្រោង ហើយការរៀប ចំប្រព័ន្ធទឹកស្រោចស្មៅនេះទៀតសោត ក៏នឹងធានាដល់ការបំពេញទឹកក្នុងស្រះខាងជើង និងស្រះខាងត្បូងឱ្យមានទឹកគ្រប់គ្រាន់គ្រប់រដូវផងដែរ៕

ដោយ ឃុត សៅ