ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យផ្អាកការនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស

AKP  ភ្នំពេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់​បញ្ជា​ឱ្យ​ផ្អាកការនាំអង្ករស និងស្រូវ ចេញទៅក្រៅប្រទេស តែអនុញ្ញាតឱ្យនាំអង្ករក្រអូប ចាប់ពី​ម៉ោង​១១ និង៥៩នាទី នាយប់ថ្ងៃទី០៥  ខែមេសា ឆ្នាំ២០២០តទៅ រហូតដល់មានបទ​បញ្ជា​ជាថ្មី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋ​សភា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ខ្ញុំចេញបញ្ជាឱ្យផ្អាកការនាំចេញ​អង្ករ​ស និងស្រូវ តែអនុញ្ញាតឱ្យនាំចេញអង្ករក្រអូបរហូតដល់មានបទបញ្ជាថ្មី ហើយត្រូវអនុវត្តន៍​ចាប់​ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០តទៅ”។ សម្តេចតេជោបានបន្ដថា ភាគច្រើនយើងនាំអង្ករ​ស និងស្រូវទៅប្រទេសវៀតណាម និងថៃ  ដូច្នេះ ដើម្បីធានាការផ្គត់​ផ្គង់ក្នុងស្រុកយើង​ត្រូវរក្សា​ទុក​នូវស្រូវទាំងនេះ ប៉ុន្តែយើងអនុញ្ញាតឱ្យនាំចេញអង្ករក្រអូប ដោយសារអង្ករនេះ​មិនមាន​ចំនួនច្រើននោះទេ ហើយក៏មិនសូវមានតម្រូវការក្នុងស្រុកច្រើនដែរ ព្រោះថាប្រជា​ពល​រដ្ឋ​យើងមានតម្រូវការអង្ករស និងស្រូវច្រើន។ សម្តេចតេជោបានលើកឡើងថា ការ​កំណត់​ថ្ងៃ​ទី០៥​ខែមេសា ឆ្នាំ២០២០​ខាងមុខនេះ គឺដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ​ដែល​បានសល់ ហើយទិញស្រូវត្រៀមនាំទៅកាន់ប្រទេសវៀតណាម និងថៃ នូវអង្ករស  និង​ស្រូវទៅក្រៅប្រទេសឱ្យអស់។ ក្រៅពីនេះ តម្រូវឱ្យមានការស្តុកទុកទាំងប្រជាពលរដ្ឋ និង​ម៉ាស៊ីន​កិនស្រូវ។

ជាមួយគ្នានេះ សម្ដេចតេជោបានបន្ថែមថា ចំពោះការស្តុកស្រូវទុកនេះដែលក្រសួង​សេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យដើម្បីទម្លាក់ថវិកាឱ្យម៉ាស៊ីនកិនស្រូវដើម្បីទទួលទិញស្រូវ អង្ករ ពីប្រជាពលរដ្ឋស្តុកទុក។ សម្តេចតេជោបានអះអាងថា ម៉ាស៊ីនកិនស្រូវត្រូវតែទិញស្រូវ ដើម្បីរក្សាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំបានបញ្ជាទៅរដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពិនិត្យមើលពីការខ្វះដើមទុនរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញ​ស្រូវជំនួសឈ្មួញ  ដោយរក្សាទុកក្នុងដំណាក់កាលមួយ រហូតដល់មានបទបញ្ជាថ្មី ហើយការ​ធ្វើបែបនេះដើម្បីរក្សាទុកនូវស្បៀងក្នុងស្រុក”។

សម្ដេចតេជោបានស្នើឱ្យម្ចាស់ម៉ាស៊ីនកិនស្រូវយកចិត្តទុកដាក់ធ្វើការប្រមួលទិញស្រូវនៅតាមទីកន្លែងដែលប្រជាពលរដ្ឋខ្វះខាត ហើយធ្វើការលក់ស្រូវ ចៀសវាងការបង្អាប់​តម្លៃ ឱ្យ សោះ។ សម្តេចតេជោក៏បានដាក់បញ្ជាទៅក្រសួងពាណិជ្ជកម្មធ្វើការចាត់ចែងរឿងនេះ ឱ្យបាន លឿនបំផុតដែលអាចធ្វើបាន៕

ដោយ  ប៊ុនរិទ្ធ