អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលព័ត៌មានក្លែងក្លាយដែលថាទីក្រុងភ្នំពេញនឹងត្រូវបានបិទ

AKP​ ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ —

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានច្រានចោលសារសំលេង ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គម ដែលបានប្រឌិតថា អាជ្ញាធរនឹងបិទទីក្រុងភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា៖ « ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា សារសំលេងដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀតក្នុងរយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះថា នឹងមានការបិទទីក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ។ »

លោក ម៉េត មាសភក្តី បានបន្តថា ការប្រឌិតព័ត៌មាននេះ ក៏ជាចេតនាធ្វើឱ្យមានការសម្រុកទិញទំនិញមកស្តុកបម្រុងទុក ដែលនាំឱ្យ ជនឆ្លៀតឱកាសឡើងតម្លៃថ្លៃផងដែរ។

លោកបន្ថែមទៀតថា រដ្ឋបាលរាជធានីភ្នំពេញសូមច្រានចោលព័ត៌មានក្លែងក្លាយនេះទាំងស្រុង និងសូមអំពាវនាវជនរួមជាតិទាំងអស់មេត្តាកុំជឿ និងកុំបន្តចែកចាយនាំមានការយល់ច្រឡំដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណជនល្មើសឈានដល់ការឃាត់ខ្លួនមកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានច្រាលចោលពាក្យចចាមអារ៉ាមដែលថានឹងមានការបិទខេត្តព្រះសីហនុផងដែរ ដោយបញ្ជាក់ថា៖ « នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ នៅទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណជនអាចចេញចូលជាធម្មតា ដោយមិនមានការហាមប្រាមអ្វីនោះទេ។ »

គួររម្លឹកថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩មក ជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមរយៈបណ្ដាញសង្គម ដើម្បីបង្កឱ្យមានការចលាចល និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។ អាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការតាមច្បាប់ជាបន្តបន្ទាប់ ចំពោះអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទាំងនោះ៕

ដោយ នីកា