ក្រសួងសុខាភិបាល បញ្ជាក់ជាថ្មីថា ឧបករណ៍ធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ទាំងអស់ ដែលដាក់លក់នៅលើទីផ្សារ ពុំផ្តល់លទ្ធផលច្បាស់លាស់ទេ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ — ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានរម្លឹកជាថ្មីថា រាល់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ទាំងអស់ ដែលកំពុងត្រូវបានផ្សព្វផ្សាយដាក់លក់នៅលើទីផ្សារ តាមរយៈបណ្តាញសង្គមនានា  គឺពុំអាចផ្តល់លទ្ធផលច្បាស់លាស់ទេ ហើយរាល់ឧបករណ៍ដែលដាក់លក់ទាំងអស់នេះ ពុំត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងក្រសួងសុខាភិបាលនោះទេ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ (Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឱ្យសោះ ដោយបញ្ជាក់ថា អង្គការសុខភាពពិភពលោក ប្រកាសជាផ្លូវការរួចមកហើយគឺទទួលយកលទ្ធផលដែលធ្វើតេស្តវិភាគរកមេរោគកូវីដ១៩ តែ០២កន្លែងប៉ុណ្ណោះ គឺលទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និង លទ្ធផលវិភាគចេញពីមន្ទីរពិសោធន៍ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ។

ករណីបងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់គ្រប់ឧបករណ៍ ឬបរិក្ខាទាំងអស់នេះ សូមបញ្ឈប់ជាបន្ទាន់ ព្រោះនាំឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពខ្លួនឯងវិញទៅវិញទេ ចំណែកឯអ្នកលក់ដូរតាមអនឡាញមួយចំនួន ដែលផ្សព្វផ្សាយលក់បរិក្ខាពេទ្យ ឬសម្ភារផ្សេងៗ  ដែលខុសច្បាប់ ក៏ដូចជាឧបករណ៍វិភាគរកមេរោគកូវីដ១៩នេះ នឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។

សូមបញ្ជាក់ជូនថា ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន០១ករណីថ្មីទៀត ដែលធ្វើឱ្យចំនួនសរុបនៅកម្ពុជាគិតត្រឹមព្រឹកថ្ងៃនេះកើនដល់ចំនួន ១០៣ករណី ខណៈអ្នកព្យាបាលជាសះស្បើយសរុបចំនួន ២១ករណី និងកំពុងព្យាបាលចំនួន ៨២ករណី។

ដោយ ផែន រតនៈ