បទវិចារណកថា៖ បង្ការ ប្រយ័ត្ន អនាម័យ នៅតែជាអាទិភាពចំបងសម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ១៩ !

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ​២០២០ — រហូតមកដល់ពេលនេះ ពិភពលោកនៅមិនទាន់អាចមានលទ្ធភាពទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ​១៩ ដែលបង្កជាជំងឺរលាកសួតប្រភេទថ្មីដ៏ប្រល័យនៅឡើយទេ។ ប្រទេសជាច្រើនបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រហូតដល់ ប្រទេសជាច្រើនបានបង្ខំចិត្តបិទទ្វា​រ​ប្រទេស ប៉ុន្តែសម្រាប់កម្ពុជានៅមិនទាន់ដល់វិធានការនេះនៅឡើយទេ ប៉ុន្តែរាជរដ្ឋាភិបាលក៏មិនបាន​ច្រានចោលវាដែរ ។​

រហូតមកដល់ពេលនេះ មានព័ត៌មានជាច្រើនដែលនិយាយអំពីការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩នេះ ហើយក៏មានព័ត៌មានមិនពិតជាច្រើនត្រូវបានផ្សព្វផ្សាយ ដោយនៅក្នុងនោះមានទាំងព័ត៌មានបំភ្លៃពីការឆ្លង តួលេខនៃការស្លាប់ ដំណឹងពីការរកឃើញ វាក់សាំង និងថ្នាំព្យាបាល ជាដើម ។​

រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០ វេលាម៉ោង ៩៖៣០ ព្រឹកនេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជាបានរកឃើញករណីផ្ទុកមេរោគកូវីដ១៩ នេះ សរុបទាំងអស់ ១០២ នាក់ ដែលក្នុងនោះមាន ១៣ នាក់ បានជាសះស្បើយ ដោយមានទាំងជនជាតិខ្មែរ និងបរទេស ប៉ុន្តែទោះបី​ជាយ៉ាងណាក៏ដោយ ភាគច្រើននៃករណីវិជ្ជមាន​វីរុសនេះ គឺជាករណីនាំចូល ហើយបើយើងពិនិត្យទៅលើតួលេខនៅលើពិភពលោកវិញនោះ រហូតមកដល់ពេលនេះ​ តាមសេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក មេរោគនេះបានឆ្លងរីករាលដាលទូទាំងពិភពលោកហើយ ដោយនៅក្នុងនោះ គឺគេបានរកឃើញអ្នកដែលឆ្លងមេរោគទាំងអស់សរុបចំនួន ៥១២.៧០១ ករណី ដោយនៅក្នុងនោះ ករណីបាត់បង់ជីវិត មានរហូតដល់ទៅ ២៣.៤៩៥ ករណី នៅក្នុងប្រទេស និង ដែនដី សរុបទាំងអស់ ចំនួន២០១ ។

រហូតមកដល់បច្ចុប្បន្ន មានតែប្រទេសចិន ដែលជាកន្លែងផ្ទុះមេរោគនេះដំបូងប៉ុណ្ណោះ ដែលបានទប់ស្កាត់ការរីករាលដាលនេះបាននៅក្នុងស្រុក ប៉ុន្តែកំពុងតែព្រួយបារម្ភអំពីការឆ្លងរីករាលដាលជាថ្មី ពីខាងក្រៅមកវិញ ហើយវិធានការត្រូវបានអាជ្ញាធរនៅក្នុងប្រទេសចិន ប្រកាសដាក់ចេញហើយ ដោយឡែក ដូចជានៅមិនទាន់មានឃើញប្រទេសផ្សេងអាចធ្វើបាននៅឡើយទេ ។

ស្ថានភាពនៃការឆ្លងនៅអឺរ៉ុប និងអាមេរិកនៅពេលនេះ គឺកំពុងតែកើនឡើងខ្លាំងមែនទែន ខណៈដែលនៅអាស៊ី និងអាហ្វ្រិកក៏មានសេចក្តីរាយការណ៍អំពីការឆ្លងដែរ ប៉ុន្តែស្ថានភាពនៃការឆ្លងហាក់នៅមិនទាន់ដល់កម្រិតខ្ពស់ ដូចជានៅបណ្តាប្រទេសនៅអឺរ៉ុប និង​អាមេរិកនោះទេ ខណៈដែលនៅតំបន់អូសេអានី ដែលមានប្រទេសណូវែលហ្សេឡង់ និង អូស្រាលី ឯណោះវិញ ក៏មានសេចក្តីរាយការណ៍អំពីការឆ្លងវីរុសនេះដែរ ហើយកំពុងតែចាត់វិធានការក្តៅដើម្បីទប់ស្កាត់ការរីករាលដាលដែរ ។​

ដោយឡែកនៅកម្ពុជាវិញ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគនេះ ដោយរួមមាន ការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ​១៩ ដែលមានប្រមុខរាជរដ្ឋាភិបាលជាប្រធាន ដែលរហូតមកដល់ពេលនេះ រចនាសម្ព័ន្ធនៃការត្រៀមទប់ទល់នឹងការរីករាលដាលនៃមេរោគ កូវីដ១៩ នេះ បានរៀបចំរហូតដល់កម្រិតមូលដ្ឋាន​ និងកំពុងតែធ្វើសកម្ម​ភាពជាច្រើន ដោយរួមមានការចុះអប់រំផ្សព្វផ្សាយ ការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទប់ស្កាត់ និង ឆ្លើយតបនឹងការផ្ទុះជំងឺ ។

មកដល់ពេលនេះ កម្ពុជាបាន និងកំពុងតែប្រែក្លាយសំណង់អគារសាធារណៈ និងឯកជន ដូចជាសាលារៀន ផ្ទះសំណាក់ សណ្ឋាគារ និងអគារផ្សេងៗមួយចំនួនទៀត ឱ្យទៅជាមន្ទីរពេទ្យ និងជាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ព្យាបាលអ្នកជំងឺកូវីដ ១៩បន្ថែម​ទៅលើមន្ទីពេទ្យដែលមានស្រាប់ ។ ​ហើយសរុមកដល់ពេលនេះ បើតាមរបាយការណ៍គឺអាចមានចំនួនប្រមាណជា ជាង ៣.០០០ បន្ទប់ ដែលតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល អគារទាំងនេះ គឺត្រូវតែបំពាក់ សម្ភារវេជ្ជសាស្រ្ត មានប្រព័ន្ធទឹក និង អគ្គិសនី តាមស្តង់ដាវេជ្ជសាស្រ្តជាតម្រូវការចាំបាច់ ។

ក្រៅពីផែនការសកម្មភាពទប់ស្កាត់ការងារជាក់ស្តែង រាជរដ្ឋាភិបាលក៏បានត្រៀមបម្រុងនូវសាច់ប្រាក់ ពី ៨០០ ទៅ ២.០០០ លានដុល្លារ ដើម្បីទប់ទប់នឹងផលប៉ះពាល់នានា ដែលកើតឡើងដោយសារតែការផ្ទុះជំងឺនេះ ។

ក្រៅពីនេះ រាជរដ្ឋាភិបាលបានប្រកាសកាត់បន្ថយការចំណាយសម្រាប់ក្រសួង-ស្ថាប័នរដ្ឋពី ២៥ ទៅ ៥០ ភាគរយ និងជម្រុញឱ្យស្ថាប័នរដ្ឋទាំងអស់អនុវត្តនូវវិធានសន្សំសំចៃ និង ព្យួរគម្រោងមួយចំនួន ដែលមិនចាំបាច់ សម្រាប់ត្រៀមទប់ស្កាត់នឹងការរីករាលដាល នៃមេរោគកូវីដ១៩ ។

កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញរួចមកហើយនូវគម្រោងការមួយចំនួន ឆ្លើយតបនឹងវិបត្តិនៃការរីករាលដាលនេះមកលើវិស័យឧស្សាហកម្មវាយនភ័ណ្ឌ និងទេសចរណ៍ ជាពិសេសសម្រាប់បណ្តាសណ្ឋាគារនៅខេត្តសៀមរាប ។​

រាជរដ្ឋាភិបាលកម្ពុជាក៏បាន និងកំពុងតែលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនានា ដោយរួមទាំងអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក និងប្រទេសជាមិត្ត ដោយរួមទាំងប្រទេសចិន ហើយតាមរយៈគណៈកម្មាការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានកៀងគរស្វែងរកជំនួយ សម្រាប់ទ្រទ្រង់ និងឆ្លើយតបទៅនឹងតម្រូវការនៅក្នុងការទប់ទល់ និងការរីករាលដាលនៃមេរោគកូវីដ១៩ ដូច្នេះយើងជាពលរដ្ឋទាំងអស់គ្នាគួរតែចូលរួមជាមួយនឹងអាជ្ញាធរ ដើម្បីរួមគ្នាទប់ស្កាត់ការបន្តរីកសាយភាយ នៃមេរោគដ៏រាតត្បាតនេះឱ្យបាន ។

ម៉្យាងទៀត រាជរដ្ឋាភិបាលបាន និងកំពុងតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋរស់នៅស្អាត ហូបស្អាត និងមានអនាម័យ ហើយព្យាយាមរក្សាគន្លាតសុវត្ថិភាពពី ១,៥០ ទៅ​២ ម៉ែត្រ តាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក កាត់បន្ថយការជួបជុំគ្នាទ្រង់ទ្រាយ​ធំ និងលើកទឹកចិត្តឱ្យស្វាគមន៍គ្នាដោយការសំពះ តាមប្រពៃណីខ្មែរ ហើយក៏មិន​បានច្រានចោលនូវលទ្ធភាពនៃការដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន ដូចប្រទេសជិតខាង និងបណ្តាប្រទេសជាច្រើនទៀត ដែលកំពុងតែទទួលរងនូវកំណើន នៃការឆ្លងរីករាលដាលនៃមេរោគ​នេះ ។

នៅក្នុងពេលជួបសំណេះសំណាលកាលពីពេលថ្មីៗនេះ ជាមួយនឹងក្រុម​គ្រូពេទ្យស្ម័គ្រចិត្តចំនួនជាង ៤០០ នាក់ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការផ្នែកសុខាភិបាលនៅពេលដែលមេរោគកូវីដ​១៩ កំពុងតែ ផ្ទុះនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីលទ្ធភាព​នៃ​ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន តាមមាត្រា២២ នៃរដ្ឋធម្មនុញ្ញ ។

សរុបមកវិញ ទាំងនេះគឺជាគោលនយោបាយ ក៏ដូចជាមធ្យោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងតែត្រៀមរៀបចំដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃមេរោគកូវីដ១៩ ប៉ុន្តែដើម្បីឱ្យយើងអាចយកឈ្នះលើការរីករាលដាលនេះបាន លុះត្រាតែយើងទាំងអស់គ្នាចូលរួម ហើយការចួលរួមរបស់យើងទាំងអស់គ្នាអាចធ្វើបាន គឺរាប់ចាប់តាំងពីកុំបំផ្លើស និងផ្សព្វផ្សាយបន្តនូវព័ត៌មានក្លែងក្លាយ កុំបន្តបន្លាចសហគមន៍ខុសគោលការណ៍ កុំបំប៉ោងព័ត៌មាន ប៉ុន្តែគួរតែបង្កើនការយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យខ្លួនឯង គ្រួសារ និងសហគមន៍ ហើយក៏គួរតែឆ្លៀតពេលនេះ បង្កើនទំនាក់ទំនង និងរក្សាភាពកក់ក្តៅនៅក្នុងគ្រួសារ បង្កើនអាហារដែលមានរូបបត្ថម្ភ មានប្រយោជន៍សម្រាប់រាងកាយ រិៈរកគន្លឹះ និងវិធានការកាត់បន្ថយស្រ្តេស និងភាពតានតឹងនៅក្នុងខ្លួន កាត់បន្ថយ​ឬ​បញ្ឈប់ការជក់បារីស​ម្រាប់អ្នក​ដែល​ជក់បារី និងកាត់បន្ថយឬបញ្ឈប់ការប្រើប្រាស់គ្រឿងស្រវឹង ពីព្រោះវាអាចប៉ះពាល់ដល់សុខភាព និងអាចប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំនៃរាងកាយ ។

ដោយ ហេង បញ្ញា