ឯកអគ្គរដ្ឋទូតចិន៖ រដ្ឋាភិបាល ប្រជាជន និង​កងទ័ពចិន មិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការលំបាក​នៃការរីករាល​ដាល​ជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាចិនប្រចាំកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាល ប្រជាជន និង​កងទ័ពចិន មិនអាចបំភ្លេចបានឡើយ នៅពេលដែលកម្ពុជាជួបការ​លំ​បាក​នៃការរីករាល​ដាល​ជំងឺកូវីដ-១៩នេះ ហើយយើងត្រូវស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្ត​ល្អ​ក្នុងគ្រាលំបាក។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ​អ្នក​ជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃកងទ័ពរំដោះប្រជាជនចិន ដែលត្រូវបានមក​កាន់ប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ នេះបើ​យោងតាមការផ្សាយរបស់ក្រសួងការពារជាតិ។

ឯកឧត្តម វ៉ាង វិនធាន បានមាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងរីក​រាល​ដាលពាសពេញពិភពលោក ប៉ុន្តែកង​ទ័ពប្រទេសទាំងពីរកម្ពុជា-ចិន បានរួមចិត្តតែមួយ គៀក​ស្មាគ្នា​ដើម្បីប្រយុទ្ធប្រឆាំងជំងឺ​ដ៏លំបាក​មួយនេះនៅកម្ពុជា។ ឯកឧត្ដមបានរម្លឹកថា នាពេល​កន្លងមក នៅពេលប្រទេសចិន ជួបការលំបាកដោយសារការ​រីករាល​ដាលជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា បានជួយ​ឧបត្ថម្ភ​ជា​សម្ភារ បរិក្ខារពេទ្យ និងគាំទ្រ​យ៉ាង​ពេញទំហឹងជូនដល់មិត្តចិន។ ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន​បានបន្ដទៀតថា រហូតមក​ដល់ពេលនេះ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសចិន​ទទួល​លទ្ធ​ផលគួរជាទីមោទនៈ ដូចនេះ ប្រទេសចិននឹងមកជួយដោះស្រាយជាមួយ​មិត្ត​កម្ពុជាវិញ តាមរយៈការ​ជួយឧបត្ថម្ភ​ជាសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មួយចំនួនធំ និង​បញ្ជូន​អ្នកជំនាញវេជ្ជសាស្ត្រស៊ីវិល និង​កង​ទ័ពមកជួយផងដែរ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ក្រុមឯកទេសបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់កងទ័ពចិនភាគច្រើន គឺមកពីបណ្ឌិតសភាស្រាវជ្រាវវេជ្ជសាស្ត្រយោធាចិន ដែលជា ស្ថាប័នមួយបានបង្កើតវ៉ាក់សាំងការពារជំងឺអេបូឡាដំបូងបង្អស់នៅលើពិភពលោក ទទួលបាន ជោគជ័យ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ ក៏បានបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកប ដោយជោគជ័យ បច្ចុប្បន្នវ៉ាក់សាំងនេះបានដាក់ចូលក្នុងការសាកល្បងព្យាបាលផងដែរ។

តាមរបាយការណ៍របស់ វរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ ប្រធានក្រុមគ្រូពេទ្យ អ្នក ជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានជម្រាបជូនថា យោងតាមស្ថានភាពជាក់ ស្តែងនៃការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងយោងតាមសំណូមពររបស់​អនុព័ន្ធ​យោធា​ចិន​ប្រចាំកម្ពុជា ក្រសួងការពារប្រទេសចិន បានចាត់តាំងក្រុមការងារ៤រូប រួមជាមួយ​ឧបករណ៍ សម្ភារមួយចំនួនមកកម្ពុជា ដែលជាក្រុមទី១ ចេញមកបំពេញបេសកកម្មនៅ​ក្រៅ​ប្រទេស។ លោកបានបន្ដថា គ្រូពេទ្យទាំង៤រូបនេះ រួមមាន សាស្ត្រាចារ្យ៣រូប សាស្ត្រាចារ្យ​រង១រូប មានជំនាញជំងឺឆ្លង សម្លាប់មេរោគ រកមេរោគ បង្ការ និងមានភារកិច្ចស្រាវជ្រាវ​ហ្វឹក​ហ្វឺន​បច្ចេកទេស។ ទន្ទឹមនេះ ក្នុងពេលដំណើរការក្រុមការងារនេះ បានរៀបចំផែនការគ្រប់ជ្រុង ជ្រោយទាំងឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទ តភ្ជាប់ពីជួរមុខដល់ជួរក្រោយ ។
លោកវរសេនីយ៍ឯកពិសេស ជាង ជែ ហ្វូ បានបញ្ជាក់ថា ចំពោះវិធានការដែលត្រូវបង្ហាត់​បង្រៀនក្រុមគ្រូពេទ្យបង្គោលក្នុងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះ រួមមាន ទី១ គ្រប់គ្រងអ្នកឆ្លងវីរុសកូវីដ១៩ ឱ្យមានវិធីសាស្ត្រល្អ ដាក់ដោយឡែក ស្វែង​រកអ្នកប្រាស្រ័យទំនាក់ទំនង ដើម្បីធ្វើការវិនិច្ឆ័យបន្ត។ ទី២ កាត់ផ្តាច់ការចម្លងបន្ត កុំឱ្យមាន​ការកើនឡើង ការពារផ្ទាល់ខ្លួនតាមរយៈពាក់ម៉ាស និងថែរក្សាអនាម័យជាប់ជាប្រចាំ និងទី៣ មានវិធានការការពារមន្ត្រីជួរមុខ នោះគឺក្រុមគ្រូពេទ្យព្យាបាលជំងឺឆ្លងវីរុសកូវីដ-១៩ តាមរយៈ ប្រើប្រាស់ឧបករណ៍ សម្ភារ និងមធ្យោបាយគ្រប់ប្រភេទតាមលក្ខណៈបច្ចេកទេស។

សូមរម្លឹកថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលចិនបានបញ្ចូនក្រុម​អ្នក​ជំនាញវេជ្ជសាស្ត្រ៧រូប រួមជាមួយឧបករណ៍ សម្ភារពេទ្យមួយចំនួន បានមកដល់ប្រទេស​កម្ពុជា ដែលជាក្រុមអ្នកជំនាញប្រឆាំងជំងឺកូវីដ-១៩ ដំបូង ដែលប្រទេសចិន​បានបញ្ជូន​ចេញទៅបេសកកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ «អាស៊ាន»។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រុម​អ្នកជំនាញវេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិនចំនួន៤រូប ដឹកនាំដោយលោកវរសេនីយ៍​ឯកពិសេស ជាង ជែ ហ្វូ (Jiang Jia fu) ដែលជាក្រុមគ្រូពេទ្យកងទ័ពចិន មានសមត្ថភាពពោរ​ពេញដោយបទពិសោធន៍ខ្ពស់ បានបំពេញបេសកកម្មទៅក្រៅប្រទេសជាច្រើនដង ដូចជា ចូល​រួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានមកដល់ប្រទេសកម្ពុជា វិញ ដែរ។ ក្រុមនេះបានចូលរួមក្នុងការស្រាវជ្រាវនៅនឹងកន្លែងផ្ទាល់ ដែលមានការឆ្លងកាត់ ក្នុង ស្ថានភាពធ្ងន់ធ្ងរក្នុងប្រទេសចិនអស់ជាច្រើនលើកមកហើយ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល ប្រជាជន កងទ័ពរំដោះប្រជាជនចិន ដែលមានសន្តានចិត្តដ៏ល្អប្រពៃ បញ្ជូនក្រុមគ្រូពេទ្យចិន មកចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជានាពេលនេះ។ សម្តេច ពិជ័យសេនាថ្លែងថា ការងារនេះ បានផ្តួចផ្តើមឡើងក្រោមកិច្ចសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​មិត្តចិន មិត្តដែកថែក មិត្តអមតៈ ដែលជាផ្លែផ្កាកើតចេញពីទំនាក់ទំនងជាប្រពៃណី ចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងយុទ្ធសាស្ត្រគ្រប់ជ្រោយ ក្រោមការដឹកនាំ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​មានិតចិន។ សម្តេចពិជ័យសេនាបានសង្កត់ធ្ងន់ថា វត្តមានក្រុមគ្រូពេទ្យកងទ័ពរំដោះ ប្រជា ជនចិននៅកម្ពុជានាពេលនេះ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកម្ពុជាខិតខំសិក្សា ដកស្រង់ ចែករំលែកបទពិសោធន៍ សំដៅលើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាល និងការព្យាបាលជំងឺកូវីដ-១៩ ជួយសង្គ្រោះអាយុជីវិតដល់​ប្រជា​ជនកម្ពុជា។

សម្តេចពិជ័យសេនាបានលើកឡើងថា កងយោធពលខេមរភូមិន្ទ សូមចងចាំជា​និច្ចទុក​ក្នុង​ប្រវត្តិសាស្ត្រសាមគ្គីភាពជាតិ រវាងកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន តាមពាក្យស្លោក​ពោលថា «មិត្តល្អស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ សម្តេចពិជ័យសេនា មានជំនឿយ៉ាងមុតមាំថា ដោយមានការជួយគាំទ្រឧបត្ថម្ភទាំងការហ្វឹកហ្វឺន លើកកម្ពស់ ជំនាញបច្ចេកទេស ការផ្គត់ផ្គង់សម្ភារបរិក្ខារពេទ្យ និងដោយមានកិច្ចសហការយ៉ាងជិត​ស្និទ្ធ​ពីក្រុមគ្រូពេទ្យកងទ័ពរំដោះប្រជាជនចិននាពេលនេះ ក្រុមគ្រូពេទ្យកម្ពុជា នឹងទទួលបានបទ​ពិសោធន៍​សម្រាប់បង្ការ ការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា​នាពេល​ខាងមុខជាក់ជាមិនខានឡើយ។

សម្តេចពិជ័យសេនាក៏បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនាយកដ្ឋានសុខាភិបាល និងមន្ទីរពេទ្យព្រះកេតុមាលាបន្តយកចិត្តទុកដាក់លើ សហការឱ្យបានជិតស្និទ្ធបំផុតជាមួយ​ក្រុមគ្រូពេទ្យចិន ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន នៅមន្ទីរពេទ្យព្រះកេតុមាលានិងសម្រប​សម្រួល​សេវាការងារគ្រប់បែបយ៉ាង ដើម្បីធានានិរន្តរភាពការងារប្រចាំថ្ងៃឱ្យបានល្អ និងមាន​ប្រសិទ្ធភាព។ ជាមួយគ្នានេះ គ្រប់គ្រងគ្រូពេទ្យបង្គោល​ដែលមានភារកិច្ចមក​ចូលរួមរៀនសូត្រ​នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ គោរពវិន័យ ខិតខំសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីក្រុមគ្រូពេទ្យចិន ដែលមក​បង្ហាត់បង្រៀន សម្រាប់យកទៅអនុវត្តន៍ការងារ ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺ​កូវីដ-១៩ ជូនប្រជាជន ឱ្យមានប្រសិទ្ធភាព។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញឱ្យបន្តធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែសកម្ម​ថែមទៀតដល់ក្រុមគ្រូពេទ្យកងទ័ពទាំងអស់ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តន៍វិធាន​ការ​អនាម័យ គឺ“ អនាម័យស្អាត ហូបស្អាត រស់នៅស្អាតនាំមកនូវសុខភាពល្អ” ដោយចាប់ផ្តើម​អនាម័យពីយើងម្នាក់ៗជាគំរូ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង ក្រុមគ្រូពេទ្យយើង មន្ទីរពេទ្យយើង កងទ័ពយើង ប្រទេសយើង ឱ្យបានស្អាត៕

ដោយ រិទ្ធី