រាជរដ្ឋាភិបាល កំពុងជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនី ចំនួន៣កន្លែងបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការអភិវឌ្ឍវិស័យថាមពលអគ្គិសនីចំនួន ៣ កន្លែងបន្ថែមទៀត ដើម្បីបំពេញឱ្យបានតាមតម្រូវការប្រើប្រាស់អគ្គិសនី​ក្នុងកម្រិត​សម​ស្រប ហើយគម្រោងអភិវឌ្ឍន៍វិស័យថាមពលអគ្គិសនីចំនួន៣កន្លែងនេះ ត្រូវបានរដ្ឋសភាផ្តល់ សំឡេងគាំទ្រជាឯកច្ឆ័ន្ទកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាល ក្នុងការផ្តល់លិខិតធានាទូទាត់ដល់ក្រុមហ៊ុនវិនិយោគសាងសង់រោងចក្រអគ្គិសនី និងរៀបចំ បណ្តាញអគ្គិសនីទាំង៣កន្លែងនោះ។

នៅក្នុងសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល ដែលផ្ញើមកសុំការអនុម័តពីរដ្ឋសភា លើការធានាទូទាត់របស់រាជរដ្ឋាភិបាល សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនី ទាំង៣បានឱ្យដឹងថា គម្រោងវិនិយោគ​សាង​សង់​រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូលអានុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះ​កុង ទទួលបានសម្បទាន អនុវត្តន៍គម្រោង សាងសង់ដោយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក ក្រោម លក្ខខណ្ឌគន្លឹះ សំខាន់ៗដូចជា សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មនាំចូលអានុភាព ៧០០មេហ្គាវ៉ាត់, សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់​ស្យុង២៣០គីឡូវ៉ុល ប្រវែង ៥០គីឡូម៉ែត្រ តភ្ជាប់ពីរោង ចក្រ​ទៅអនុ​ស្ថានីយបុទុម​សាគររបស់អគ្គិសនីកម្ពុជា។ ចំពោះរូបភាពវិនិយោគ គឺសាងសង់ ធ្វើម្ចាស់ និងអាជីវកម្ម អគ្គិសនីកម្ពុជាធានា ទិញថាមពលពីគម្រោង ៨០ភាគរយ គឺស្មើ ៤៧៦៥,​៤៤លានគីឡូវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារ អាម៉េរិក ក្នុងនោះទុនផ្ទាល់ ៣០ភាគរយ និងកម្ចី ពីធនាគារ ៧០ភាគរយ តាមអត្រាការប្រាក់ ៦,៥០ភាគរយ។ ការដាក់ឱ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍន៍ វិស័យអគ្គិសនី ដោយម៉ាស៊ីនទី១ អានុភាព ៣៥០មេហ្កាវ៉ាត់ ត្រូវដាក់ឱ្យដំណើរការនៅ ឆ្នាំ២០២៣ និងម៉ាស៊ីនទី២ អានុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឱ្យដំណើរការនៅ ឆ្នាំ២០២៤។ រយៈពេលសម្បទាន ៣៨ឆ្នាំ ក្នុងនោះ រយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើ អាជីវកម្ម៣៥ឆ្នាំ។ ថ្លៃលក់អគ្គិសនី ០,០៧២៩២ ដុល្លារអាម៉េរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ទី២-គម្រោងវិនិយោគសាងសង់​រោងចក្រអគ្គិសនី ដុតធ្យូងថ្ម ក្នុងស្រុក អានុភាព ២៦៥មេហ្គាវ៉ាត់ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រុមហ៊ុន ហាន សេង ខូល ម៉ាញ ទទួលបានសម្បទានអនុវត្តន៍គម្រោងសាសង់ តាមរូបភាព​វិនិយោគ គឺសាងសង់ ធ្វើម្ចាស់ និងអាជីវកម្ម។ អនុភាពដំឡើង ២៦៥​មេហ្គាវ៉ាត់ អនុភាព ផ្តល់ឱ្យបណ្តាញជាតិ (អនុភាពសុទ្ធ) ២៣០មេហ្គាវ៉ាត់។ អគ្គិសនីធានា​ទិញថាមពល ៨៥ភាគរយ គឺស្មើនឹង ១៧១២,៥៨លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ។ ទុនវិនិយោគសរុប ២៩៤,៣០លានដុល្លារ អាម៉េរិក ដែលក្នុងនោះទុនផ្ទាល់ ៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយតាមអត្រា ការប្រាក់ ៦,៥0ភាគរយ។ ការដាក់ឱ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេ អភិវឌ្ឍន៍វិស័យអគ្គិសនី ដំណាក់កាលទី១ ម៉ាស៊ីនអានុភាព ១៣០ម៉េហ្គាវ៉ាត់ ត្រូវដាក់ឱ្យ ដំណើរការនៅឆ្នាំ២០២១ និងដំណាក់កាលទី២ ម៉ាស៊ីនអានុភាព ១៣៥ម៉េហ្គាវ៉ាត់  ត្រូវដាក់ឱ្យ ដំណើរការនៅឆ្នាំ២០២២។ រយៈពេលសម្បទានសរុប ២៨ឆ្នាំ (សាងសង់ ៣ឆ្នាំ និងដំណើរការ អាជីវកម្ម ២៥ឆ្នាំ)។ ថ្លៃលក់អគ្គិសនី ០,០៧៣ដុល្លាអាម៉េរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ទី៣-គម្រោងវិនិ​យោ​គ​សាងសង់ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ ស្យុង២៣០គីឡូវ៉ុល ប្រវែង១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរ​មាន​ជ័យ ទៅកាន់អនុស្ថានីយសៀមរាបខាងកើត ខេត្តសៀមរាប ក្រុមហ៊ុន ហាន  សេង ខូល ម៉ាញ ទទួលបានសម្បទានអនុវត្តន៍គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល ប្រវែង១៣៥គីឡូម៉ែត្រពីស្រុកត្រពាំងប្រា​សាទ នៃខេត្តឧត្តរមានជ័យមក ខេត្តសៀមរាប។ រូបភាពទី១-គឺសាងសង់ផ្ទេរ ទី២-ទុនវិនិយោគសរុប ៦១,៤៥លាន ដុល្លារអាម៉េរិក ទី៣-ទំហំការងារសាងសង់បណ្តាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីរោងចក្រ អគ្គិសនីនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ទៅដល់អនុស្ថានីយខេត្តសៀមរាប ប្រវែងសរុប ១៣៥គីឡូម៉ែត្រ។ រយៈពេលសាងសង់ត្រូវសាងសង់ឱ្យចប់ទាន់ពេលជាមួយគ្នា និងការបញ្ចប់នៃការសាងសង់រោងចក្រអគ្គិសនី ២៦៥មេហ្គាវ៉ាត់។

ទី៤-អាណត្តិនៃកិច្ចព្រម ព្រៀងរយៈពេល ១០ឆ្នាំ អគ្គិសនីកម្ពុជាពេលទទួល យកនូវខ្សែបណ្តាញបញ្ជូននេះ ត្រូវបង់ រំលួសថ្លៃហេដ្ឋារចនាសម្ព័ន្ធឱ្យទៅក្រុមហ៊ុន ក្នុងរយៈពេល ១០ឆ្នាំ ដែលក្នុងមួយឆ្នាំ ១១លាន ដុល្លារអាម៉េរិក។

ទី៥-បញ្ហាពន្ធផ្សេងៗគឺអនុវត្តន៍តាមគោលការណ៍ជាធរមាន  ហើយរាជរដ្ឋា ភិបាលត្រូវផ្តល់លិខិតធានាទូទាត់ដល់ក្រុមហ៊ុនផងដែរ។ គម្រោងនេះគឺអនុវត្តន៍ ទៅតាមផែន ការមេ នៃការអភិវឌ្ឍប្រភព និងខ្សែបណ្តាញបញ្ជូនអគ្គិសនីរយៈពេលមធ្យម (២០២០-២០៣០)​ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ដើម្បីបំពេញឱ្យបានតានតម្រូវការប្រើប្រាស់អគ្គិសនី ដែលអាចធានា បានថា ការអភិវឌ្ឍវិស័យថាម​ពលស្ថិត​ក្នុងកម្រិត​សម​ស្របមួយ រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្រុមហ៊ុន​ទីប្រឹក្សាមកពី​ប្រទេស​​ជប៉ុនសហការជាមួយគណៈកម្មការអន្តរក្រសួង ដែលដឹកនាំ​ដោយ​ក្រសួងរ៉ែ និងថាមពល ធ្វើការសិក្សា និងរៀបចំ​ផែនការមេអភិ​វឌ្ឍ​​វិស័យថាមពល សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ និងសម្រាប់​រយៈ​ពេល​​វែង២០២០-២០៤០។

ផ្អែកលើលទ្ធផលនៃការសិក្សាខាងលើសម័យប្រជុំ​ពេញអង្គ​គណៈ​​រដ្ឋមន្ត្រី កាលពី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឯកភាពទាំងស្រុង​លើគម្រោងវិនិយោគចំនួន៣រួមមាន៖ ទី១-គម្រោងវិនិយោគ​សាង​សង់​រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូលអានុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង។ ទី២-គម្រោងវិនិយោគសាងសង់​រោងចក្រអគ្គិសនីដុត ធ្យូងថ្មក្នុងស្រុក អានុភាព ២៦៥មេហ្កាវ៉ាត់ នៅ​ស្រុក​ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងទី៣-គម្រោងវិនិ​យោ​គ​សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ប្រវែង ១៣៥គីឡូម៉ែត្រ តភ្ជាប់ ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមាន​ជ័យ ទៅកាន់ អនុស្ថានីយសៀមរាបខាងកើត ខេត្តសៀមរាប ហើយបានបញ្ជូនសុំការអនុម័តលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលពី រដ្ឋសភានាពេលនេះ៕

ដោយ ប៉ាល់ សុង