សម្តេចក្រឡាហោម ស ខេង៖ ថ្នាក់ដឹកនាំខេត្តទូទាំងប្រទេស ត្រូវចាត់ទុកភូមិណាដែលមាន​ពលករខ្មែរ​មកពីប្រទេសថៃ ម្នាក់ក្តី ជាគោលដៅក្តៅ និងតាមដានជានិច្ច

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ​ដល់ថ្នាក់​ដឹក​នាំខេត្តទាំងអស់នៅទូទាំងប្រទេស​ត្រូវចាត់ទុកភូមិណាមួយដែលមានពលរដ្ឋ​ខ្មែរ​មកពី​ប្រទេសថៃ បើទោះបីម្នាក់ក្តីគឺជាគោលដៅក្តៅ ហើយត្រូវតាមដានជាប្រចាំចំពោះ​សុខ​ភាព ចៀងវាងការរីករាលដាលជំងឺកូវីដ-១៩នៅក្នុងភូមិ។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក កាលពីព្រឹកថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើក​ឡើងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មានពលករខ្មែរមកពីប្រទេស​ថៃ​មានចំនួន​៤៣,០៧៤នាក់។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា ទោះបីជាភាគីថៃប្រកាសបិទច្រកព្រំដែន​ជាមួយកម្ពុជា ក៏នៅមានពលករខ្មែរចូលពីថៃមកកម្ពុជាតាមច្រករបៀងតួចៗផងដែរ។ ចំណុច​នេះ​សមត្ថកិច្ចកម្ពុជាត្រូវធ្វើការសហការជាមួយភាគីថៃ ដើម្បីសម្រួលឱ្យពួកគាត់បានចូលតាម ច្រកព្រំដែន អន្តរជាតិដើម្បីអាចពិនិត្យសុខភាពគាត់បាន។ ព្រោះថាបើកអ្នកវិភាគ​សិក្សា​ស្រាវ​ជ្រាវវៀតណាមបានឱ្យដឹងថាអ្នកមានជំងកូវីដ១៩នេះអាចចម្លងបានមនុស្ស៥នាក់។ សម្ដេច ក្រឡាហោមបានលើកឡើងទៀតថា ការឆ្លងជំងឺកូវីដ-១៩ នេះនៅប្រទេសវៀតណាម​គ្រាន់តែ​ក្នុ​​ងភូមិមួយមានអ្នកឆ្លងតែម្នាក់ បានចម្លងទៅមនុស្សប្រាំនាក់ រហូតដល់អាជ្ញាធរវៀត​ណាម​សម្រេចបិទភូមិរបស់ខ្លួនតែម្តង។

សម្ដេចក្រឡាហោមបានបន្ថែមថា “អីច្ចឹងចំណុចនេះ​ត្រូវចាត់ទុកភូមិណាមួយ​ដែលមាន​ពលករមកពីថៃម្នាក់ជាគោលដៅក្តៅ ហើយតាមដានជាសុខភាពជានិច្ចដើម្បីចៀងវាង​ការ​ឆ្លង​ទៅផ្សេងទៀត ហើយបើករណីសង្ស័យត្រូវបញ្ជូនទៅមន្ទីពេទ្យបង្អែក ស្រុក ឬ ខេត្តដើម្បីធ្វើ​ការ​ព្យាបាល”៕

ប៊ុនរិទ្ធ