ឯកឧត្តម គួច ចំរើន ទទួលអំណោយឧបត្ថម្ភជាថវិកា និងសម្ភារពីសប្បុរសជន ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-19

AKP ព្រះសីហនុ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បន្តទទួលអំណោយ មនុស្សធម៌ពីសប្បុរសជនក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមជួយឧបត្ថម្ភជាថវិកា និងសម្ភារ មួយចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នៅក្នុងខេត្ត ព្រះសីហនុនាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរស ជនខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារមួយចំនួនដល់រដ្ឋបាល ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យការងារចូលរួមការពារទប់ស្កាត់ជំងឺកូវីដ-19 នៅខេត្តព្រះសីហនុ រដ្ឋបាលខេត្តនៅតែរង់ចាំទទួលអំណោយមនុស្សធម៌នេះបន្តទៀត ដែលសប្បុរសជនបាន ចូលរួមសហការជាមួយរដ្ឋបាលខេត្ត ហើយកាយវិកាមនុស្សធម៌ក្នុងការជួយគ្នាក្នុងគ្រា ដែលខេត្តយើងបច្ចុប្បន្នបានរកឃើញមានអ្នកជំងឺ Covid-19 ចំនួន៣៥នាក់ ក្នុងនោះ ជនជាតិខ្មែរ២នាក់ (ជាអ្នកបកប្រែ) និងជនបរទេស ជនជាតិបារាំងចំនួន៣៣នាក់ ជាអ្នក ទេសចរ មកជាក្រុមកម្សាន្តខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០កន្លង មកថ្មីៗនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានធ្វើការបែងចែកម៉ាស៊ីនបាញ់ថ្នាំការ ពារជំងឺឆ្លងកូវីដ-19 ទៅដល់ឃុំ សង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ ដោយក្នុងមួយឃុំ សង្កាត់ ទទួលបានម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង និងទឹកថ្នាំ ៣០លីត្រ ដើម្បីយកទៅបាញ់ការពារការឆ្លង កូវីដ-19 ទន្ទឹមនោះក៏បានជំរុញ ឱ្យអាជ្ញាធរមូលដ្ឋានបន្តផ្សព្វផ្សាយសារការពារ ទប់ស្កាត់កូវីដ-19 ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា មកដល់ថ្ងៃនេះ មិនទាន់មានប្រជា ពលរដ្ឋខេត្តព្រះសីហនុ ម្នាក់ណាបានឆ្លងជំងឺកូវីដ-19 នោះទេ មានតែជនបរ ទេសដែលចូល មកកាន់ខេត្តព្រះសីហនុ ដោយឡែកជនជាតិខ្មែរចំនួន០២នាក់ ដែលរកឃើញមានកូវីដ-19 ជាអ្នកបកប្រែមកពីខេត្តផ្សេង។ ចំពោះពលករខ្មែរដែលវិលមកពីប្រទេសថៃ យើងបានធ្វើការ ណែនាំដល់មន្ត្រីមូលដ្ឋានសហការជាមួយមណ្ឌលសុខភាព ធ្វើការតាមដានសុខភាពពួកគាត់ ជារៀងរាល់ថ្ងៃ និងធ្វើការពន្យល់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល ១៤ថ្ងៃ តាមដានសុខភាព ដើម្បីងាយស្រួលឆ្លើយតបបានទាន់ពេលវេលា។

សូមបញ្ជាក់ថា មកដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅខេត្តព្រះសីហនុ មានពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកខេត្តព្រះសីហនុវិញមានចំនួន ១១១នាក់ ក្នុងនោះស្រី ចំនួន៥១នាក់៕

ដោយ ងូ សុមុនី