រាជរដ្ឋាភិបាលកម្ពុជា នឹងកែសម្រួលសមាសភាពសមាជិករបស់ខ្លួនមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — រដ្ឋសភា នឹងកោះប្រជុំជាវិសាមញ្ញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដើម្បីពិនិត្យ និង បោះឆ្នោតផ្តល់ការទុកចិត្តលើការកែសម្រួលសមាសភាពមួយចំនួនរបស់រាជរដ្ឋាភិបាល។ នេះ បើតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះនៅវិមានរដ្ឋសភា។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាមានប្រសាសន៍ឱ្យដឹងថា រាជរដ្ឋា ភិបាល បានស្នើមករដ្ឋសភាដើម្បីធ្វើការបោះឆ្នោតតែងតាំង និងកែសម្រួលសមាសភាព មួយចំនួនរបស់រាជរដ្ឋាភិបាល។ តាមរយៈសំណើនេះ នាព្រឹកថ្ងៃទី២៧ ខែមីនា ក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា បានបើកកិច្ចប្រជុំគណៈ កម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីការពិនិត្យសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាព រាជរដ្ឋាភិបាល។ ការពិនិត្យសមាសភាពលេខាធិការចំនួន ៣រូប របស់សម័យប្រជុំរដ្ឋសភាជា វិសាមញ្ញ នីតិកាលទី៦  និងការពិនិត្យសម្រេចសេចក្តីព្រាងរបៀបវារៈ និងកាលបរិច្ឆេទបើក សម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦៕

ដោយ ប៉ាល់ សុង