អភិបាលខេត្តរតនគិរី នាំយកថវិកាជូនមន្ទីរសុខាភិបាល​ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យខេត្ត ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺ Covid-19

AKP រតនគិរី ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ថង សាវុន​ អភិបាលខេត្តរតនគិរី បាននាំយកថវិកា​ និងជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្ត ដើម្បីត្រៀមលក្ខណៈបង្ការ ការពារ និងព្យាបាលជំងឺCovid-19 ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តនារសៀលព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០។​

មានប្រសាសន៍សំណេះសំណាលជាមួយគ្រូពេទ្យប្រមាណជាង ៧០នាក់នាឱកាសនោះ ឯកឧត្តម ថង សាវុន​ បានបញ្ជាក់ថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (Covid-19) គឺជាបញ្ហាសកលលោក ក៏ដូចនៅក្នុងតំបន់ កំពុងជួបប្រទះ និងបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះគឺយើងនៅមិនទាន់មានអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះ​ និងមានការព្រួយបារម្ភធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសដទៃឡើយ។ បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលតែងតែជឿតាមព័ត៌មានមិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើសបំភិតបំភ័យដល់ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ។ ឯកឧត្ដមបន្តថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចក្រសួងសុខាភិបាល គឺមិនបាននៅព្រងើយកន្តើយឡើយ។ ជាពិសេសសម្រាប់រដ្ឋបាលខេត្តរតនគិរី បើទោះបីជាខេត្តរតនគិរីរបស់យើងនៅមិនទាន់មានករណីអ្នកផ្ទុកជំងឺកូវីដ-19ក៏ដោយ​ ក៏អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់ តែងតែបានរួមសហការគ្នាយកចិត្តទុកដាក់ ត្រួតពិនិត្យតាមរយៈ  មន្ត្រីចត្តាឡីស័ក ក្នុងការទប់ស្កាត់ និងអនុវត្តន៍នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាលដែលបានជំរុញណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងប្រុងប្រយ័ត្នទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លង Covid-19នេះ តាមរយៈការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ​ កោតសរសើរនិងបានដាក់សេចក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19នេះ។ ជាពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលរដ្ឋក្នុងខេត្ត ត្រូវតែយកចិត្តទុក ដាក់ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាចិត្តខ្ពស់ដើម្បីព្យាបាលជូនពួកគាត់។

ក្នុងឱកាសនោះឯកឧត្តម ថង សាវុន ក៏បាននាំយកថវិការបស់សាលាខេត្តចំនួន១០លានរៀល​ និងទឹកបរិសុទ្ធ ៥០​កេស ថវិកាផ្ទាល់ខ្លួនឯកឧត្តមចំនួន ៤លានរៀល​ និង ថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តចំនួន ៤លានរៀលជូនមន្ទីរសុខាភិបាលខេត្ត ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់ វីរុស​កូវីដ-19 ផងដែរ៕

ដោយ ណយ នឿន(ប្រភពៈមន្ទីព័ត៌មានខេត្តរតនគិរី)