អាជ្ញាធរខេត្តស្វាយរៀង រៀបចំដាក់ជនជាតិចិន ចំនួន១៧៤នាក់ ឱ្យនៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ

AKP ស្វាយរៀង ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ជនជាតិចិនចំនួន១៧៤នាក់ ដែលបានធ្វើដំណើរតាមរថយន្តក្រុងចូលមកក្រុងបាវិត កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ត្រូវបានអាជ្ញាធរឃាត់ និងនាំយកទៅដាក់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយ ដើម្បីតាមដានសុខភាព ក្នុងន័យទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

បើតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តស្វាយរៀង ជនជាតិចិនចំនួន១៧៤នាក់នេះ បានធ្វើដំណើរតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ ក៏ប៉ុន្តែត្រូវម្ចាស់សណ្ឋាគារ និងកាស៊ីណូ មិនអនុញ្ញាតឱ្យចូល ហើយបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ហើយនៅពេលទទួលបានព័ត៌មាននេះភ្លាម លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានសហការជាមួយនគរបាលអន្តោប្រវេសន៍ ស្នងការនគរបាលខេត្ត នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិបាវិត នគរបាលក្រុងបាវិត និងកងរាជអាវុធហត្ថខេត្ត ចុះទៅឃាត់ និងបញ្ជូនជនជាតិចិនទាំង១៧៤នាក់នោះ មកដាក់ឱ្យ ស្នាក់នៅក្នុងសាលាក្រុងបាវិត អធិការដ្ឋាននគរបាល និងអគារកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីគ្រប់គ្រង និងធ្វើការសាកសួរ។

រហូតមកដល់ថ្ងៃទី២៥ និង២៦ ខែមីនា ឆ្នាំ២០២០នេះ សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បានសាកសួរចប់សព្វគ្រប់ហើយ ដោយមានការចូលរួមពិនិត្យពីក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល និងធ្វើចត្តាឡីស័ក ហើយរហូតដល់ម៉ោង១១៖៣០នាទីព្រឹកនេះ គឺពុំទាន់រកឃើញមានរោគសញ្ញាគួរឱ្យសង្ស័យករណីវីរុសកូវីដ១៩ នោះទេ។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងសមាជិក សមាជិកា បានផ្តល់សណ្ឋាគារមួយកន្លែង ស្ថិតនៅក្នុងក្រុងបាវិត ឈ្មោះថា អ៊ឹម ម៉ីហៀង ដែលមានចំនួន៥២បន្ទប់ ជូនរដ្ឋបាលខេត្តស្វាយរៀង ដើម្បីចាត់ចែងឱ្យរដ្ឋបាលក្រុងបាវិតរៀបចំ និងប្រើប្រាស់ជាទីកន្លែងរក្សាទុក ជនជាតិចិនទាំង១៧៤នាក់នោះ ស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីបង្ករលក្ខណៈងាយស្រួលដល់ក្រុមមន្ត្រី នៃក្រសួងសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ដោយ ផែន រតនៈ