ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជីវកម្មទេសចរណ៍​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — យោងតាមស្ថានភាព នៃវិបត្តិវីរុសកូរ៉ូណា (Covid-19) ក្រសួងទេសចរណ៍បានដាក់ អនុវត្តន៍វិធាន ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអាជីវកម្មទេសចរណ៍​ដោយអនុវត្តន៍ចាប់ ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លើគ្រប់ប្រភេទ អាជ្ញាប័ណ្ណទេសចរណ៍ ដែលផ្តល់ដោយក្រសួងទេសចរណ៍។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងទេចរណ៍បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ថា យោងតាមស្ថានភាពនៃវិបត្តិវីរុស covid-19 ដែលបន្តអូសបន្លាយកាន់តែយូរ បង្កផលប៉ះពាល់យ៉ាងច្រើនដល់អាជីវកម្មសេវាកម្មទេសចរណ៍។ ក្រសួងទេសចរណ៍មាន កិត្តិយសសូមជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាជ្រាបថា ក្រសួងទេសចរណ៍នឹងផ្ដល់រយៈពេលអនុគ្រោះលើកលែងការពិន័យអន្តរ ការណ៍ជាប្រាក់ ចំពោះគ្រប់ប្រភេទអាជ្ញាប័ណ្ណទេសចរណ៍ដែលផ្ដល់ដោយក្រសួងទេសចរណ៍រួមមាន៖ អាជ្ញាប័ណ្ណការីទេសចរណ៍ ភ្នាក់ងារទេសចរ មគ្គុក៍ទេ្ទសចរណ៍ អ្នកបកប្រែបន្ត សណ្ឋាគារ សេវាកម្មស្នាក់នៅទេសចរណ៍ ស្ប៉ា-ម៉ាស្សាសុខភាព កីឡាទេសចរណ៍ ភោជនីយ ដ្ឋាន អាហារដ្ឋាន ដឹកជញ្ជូនទេសចរ និងរមណីយដ្ឋានទេសចរណ៍ ដោយអនុវត្តន៍ចាប់ពី ថ្ងៃចុះហត្ថលេខានេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ប្រតិបត្តិករទេសចរ ដែលពុំទាន់មានអាជ្ញាប័ណ្ណទេសចរណ៍ ឬអាជ្ញាប័ណ្ណទេសចរណ៍ ហួសសុពលភាព ប្រញាប់រួសរាន់មកដាក់ពាក្យស្នើសុំឬបន្តអាជ្ញាប័ណ្ណទេសចរណ៍ពីក្រសួង ទេសចរណ៍ ឬមន្ទីរទេសចរណ៍រាជធានី-ខេត្ត៕

ដោយ សួស សំរិត