អាជ្ញាធរ​ស្រុក​បន្ទាយស្រី​ ធ្វើ​ការ​ផ្សព្វផ្សាយអំពីវិធានការការពារឆ្លងមេរោគកូវីដ១៩ និងរៀបចំកន្លែងត្រៀមដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកសង្ស័យឆ្លងកូវីដ១៩ 

AKP សៀមរាប ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — អាជ្ញាធរស្រុកបន្ទាយស្រីខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពីសារៈសំខាន់ៗស្តី​ពី​វិធាន​ការ​បង្ការ ការពារការឆ្លងមេរោគកូវីដ១៩ ទៅដល់ប្រជា ពលរដ្ឋនៅគ្រប់មូល​ដ្ឋាន​ទាំង​អស់ក្នុង​ដែនសមត្ថកិច្ចរបស់ខ្លួន​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយ​ស្រី ខេត្ត​សៀមរាប​ បាន​ឱ្យ​ដឹងថា យុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីរបៀប និងវិធីបង្ការការពារខ្លួនពីជំងឺកូវីដ-១៩នេះ គឺធ្វើតាមរយៈ ឧគ្ឃោសនស័ព្ទចល័ត(មេក្រូ) និងការចុះត្រួតពិនិត្យសុខភាពរកមុខសញ្ញា ក្នុងចំណោម ក្រុមប្រជាពល រដ្ឋដែលមានហានីភ័យខ្ពស់។ លោកបន្តថា ឥឡូវនេះឧគ្ឃោសនស័ព្ទ ចល័ត(មេក្រូ) បានបញ្ជូនទៅដល់គ្រប់ភូមិ ទាំង៣៦ នៅក្នុងស្រុកបន្ទាយស្រីទាំង មូលរួចរាល់អស់ហើយ។

ជាមួយគ្នានោះ រដ្ឋបាលស្រុក ក៏បានបញ្ចូលសារស្តីពីការណែនាំឱ្យរស់នៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ ចំពោះបងប្អូនពលករចំណាកស្រុកដែលទើបតែត្រលប់មកពី ក្រៅប្រទេសផងដែរ ព្រមទាំងបន្តផ្សព្វផ្សាយតាមរយៈសំឡេង និងការចែកខិតប័ណ្ណ រហូតទាល់តែមានការជ្រួតជ្រាបក្នុងចំណោមប្រជាពលរដ្ឋនៅក្នុងស្រុក។

ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកបានបង្កើត ក្រុមការងារពិសេសចំនួន៣៦ក្រុម ដែលមានសមាសភាពចូលរួមពីសំណាក់មេភូមិ មន្ត្រីមណ្ឌលសុខភាព នគរបាលបុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ និងអ្នកស្ម័គ្រចិត្ត ដើម្បីតាមដាន ត្រួតពិនិត្យរកមុខសញ្ញាដែល មានហានីភ័យ ធ្វើរបាយការណ៍ជាប្រចាំថ្ងៃ និងផ្តល់ជាមូលដ្ឋានដល់ថ្នាក់ដឹកនាំស្រុកធ្វើការ វាយតម្លៃសភាពការណ៍និងសម្រេចចិត្តទាន់ពេលវេលា។

លោក ឃឹម ហ្វីណង់ បានបន្តថា អាជ្ញាធរស្រុកបន្ទាយស្រី ក៏មានគម្រោងចុះចែក សាប៊ូសម្រាប់លាងដៃដល់ប្រជាពលរដ្ឋគ្រប់គ្នាទាំងអស់ក្នុងស្រុកបន្ទាយស្រី ដោយចុះទៅ ចែកជូននៅតាមផ្ទះដោយផ្ទាល់តែម្តង។ ​​ចំពោះទីតាំងសម្រាប់ត្រៀមដាក់នៅដាច់ដោយ ឡែកចំពោះអ្នកសង្ស័យឆ្លងកូវីដ១៩ អាជ្ញាធរស្រុកបន្ទាយស្រីបាន​សម្រេចជ្រើសរើសយក សាលាវិទ្យាល័យខ្នារសណ្តាយ ដោយជំហានដំបូងមាន​រៀបចំគ្រែចំនួន២០សិន។ ហើយនៅទីតាំងនេះមានរៀបចំប្រព័ន្ធទឹកភ្លើង កន្លែងដេកសមរម ហើយបើសិនជាមាន អ្នកសង្ស័យ ហើយមកដាក់នៅទីតាំងនេះ អាជ្ញាធរនិងផ្តល់អាហារហូបចុកផងដែរ៕

ដោយ ឃុត សៅ