ឯកឧត្តម ឃួង ស្រេង អំពាវនាវដល់ប្រជាពលរដ្ឋត្រូវជឿជាក់លើប្រភពព័ត៌មានច្បាស់ការ ពីរដ្ឋបាលរាជធានីភ្នំពេញ 

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញ​បានជម្រាបជូន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមឱ្យមាន​ជំនឿ​ជឿ​ជាក់ លើរដ្ឋបាលរាជធានីភ្នំពេញ ហើយអ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឱ្យ​ស្តាប់​កា​រ​ប្រ​កា​សព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវកា​រហ្វេ​ស​ប៊ុ​ក​ប្រ​ព័​ន្ធព័​ត៌មានដែលចុះហត្ថលេខាឬក៏ត្រាត្រឹមត្រូវរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដមបានអំពាវនាវបែបនេះ ក្នុងឱកាសចែកម៉ាស់និងទឹកលាង​ដៃកា​រ​ពារ​ជំ​ងឺ​កូ​វិ​ដ​១​៩ជូនមន្ដ្រី រាជការបម្រើការងារនៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ​២​០២០។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នាពេលនេះបានធ្វើឡើង ខណៈប៉ុន្មានថ្ងៃនេះ មា​ន​គេបំប៉ោងព័ត៌មានមិនពិតជាច្រើនដូចជាការបិទខណ្ឌបឹងកេងកង មិនឱ្យ​ជនបរទេសឆ្លងកាត់ ឬ​ចេ​ញចូលជាដើម។

ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ចង់ប្រាប់ទៅ ដល់បងប្អូនក្នុងរាជធានីភ្នំពេញថា អ្វីៗ​ត្រូ​វ​មានជំនឿជឿជាក់ ច្បាស់លាស់ ហើយកុំជឿ ទៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលមិ​នមា​នកា​រ​ទ​ទួ​​ល​ខុសត្រូវ ឬមិនមានអត្តសញ្ញាណច្បាស់លាស់។

ឯកឧត្តមបានបន្ថែមថា សម្រា​ប់​ប​ណ្តា​ញសង្គមដែលច្រើនតែបំប៉ោងពាក្យមិ​នពិ​ត​ប្រាក​ដ​​នេះសូមឱ្យពិចារណាព្រឹត្តិការណ៍នេះមុននឹងជឿសូមសួរគ្នាឱ្យបានច្បាស់លាស់ គឺ​​មា​ន Hotline នៅក្នុងរាជធានីភ្នំពេញទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ក៏យើង​អាច​ទ​ទួ​ល​យ​ក​ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏​អា​ច​សួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់។

សូមឱ្យបងប្អូន ធ្វើតាមរយៈនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏អាចទទួលព័ត៌មានផ្ទាល់ នៅក្នុងរដ្ឋបាលយើងតែម្តង ចំពោះព័ត៌មាន ដែលបងប្អូន ចង់ជ្រាប ចង់ដឹង ពីបញ្ហាផ្សេងៗ។ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃវីរុសកូវីដ-១៩ នៅ​រាជ​ធា​នីភ្នំពេញ ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា “តាម​កា​រ​ណែ​នាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី គឺបានប្រកា​ស​បិ​ទ​K​T​V​(​K​a​r​a​o​k​e Television) បិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមាន មនុស្សច្រើន។ ដោយ​ឡែ​កនៅថ្ងៃ២៥ខែមីនា ក៏មានគោលការណ៍ពីសម្តេចឱ្យផ្អាក បៀរហ្កាឌិន ទីតាំងមានលក់ម្ហូប អាហារ មានភ្លេងកំដរ ដែលអាចជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជា​ព​ល​រ​ដ្ឋ។

ចំណុចនេះ ថ្នាក់ដឹកនាំ បានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះ​ខ្លា​ច​មា​នការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។ យើងបានដឹងទាំងអស់គ្នាហើយថា ជំងឺនេះ កិច្ច​កា​រ​​ការពារអនាម័យ ហើយរស់នៅដាច់ពីគ្នា កុំកៀកគ្នាពេក កុំឱ្យជួបជុំគ្នាច្រើនញឹកញ៉ាប់ ដែ​ល​យើងអាចបង្កាទប់ស្កាត់ កុំឱ្យជំងឺនេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នកណាមាន​ជំងឺ អ្នកណាគ្មានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជាមធ្យោបាយល្អមួយ ដែលមានការណែនាំ ពី​ក្រ​សួង សុខាភិបាលរបស់យើង។

ឯកឧត្តមអភិបាលបានលើកទឹកចិត្ត បន្តការលក់ដូរ នៅតាមផ្សារ ដើម្បីឱ្យ​ប្រជា​ព​ល​រ​ដ្ឋ​រ​ប​ស់យើង អាចប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅទិញអ្វីហូប​នៅ​ឯ​​ណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើកទឹកចិត្តឱ្យ​ផ្សា​រត្រូវតែនៅដំណើរការ ៕

ដោយ៖ សំរិត