កាកបាទក្រហមកម្ពុជាប្រគល់អំណោយអាល់កុលសរុបចំនួន៥,៨០០លីត្រ​ និង​ម៉ាស់ចំនួន​ ១៥០ប្រអប់​ ជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី ​ខេត្ត​

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​ កាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល​ និងប្រគល់អំណោយអាល់កុលសរុបចំនួន ២៩០កាន (ស្មើនឹង ៥,៨០០លីត្រ​) និង​ម៉ាស់ចំនួន​ ១៥០ប្រអប់​ (ស្មើនឹង​ ៧,៥០០ម៉ាស់) ជូនសាខា​កាកបាទក្រហមកម្ពុជា​ទាំង​ ២៥រាជធានី ​ខេត្ត​ សម្រាប់មន្ត្រី​ បុគ្គលិក​ និងអ្នក​ស្ម័គ្រចិត្ត​របស់សាខា ក្នុងពេលបំពេញ​បេសកកម្មមនុស្សធម៌។  ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា​ បានផ្តល់ជូនសាខាទាំង​ ២៥រាជធានី​ខេត្ត​ នូវផ្ទាំងរូប​ភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចំនួន ១៧,០០០សន្លឹក​ សាប៊ូដុំចំនួន២០,០០០ដុំ និងឯកសារ​ស្តីពីជំងឺកូវីដ-១៩​ សម្រាប់បន្តចែកជូន និងផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរាជធានី ខេត្តនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​នៅព្រះរាជាណាចក្រកម្ពុជា។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ នៅកាកបាទក្រហមកម្ពុជា។ លោកជំទាវ​ ពុំ​ ចន្ទីនី​ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងក្តីនឹករលឹកចំពោះមន្ត្រី​-បុគ្គលិកសាខាទាំង​អស់​ ព្រមទាំង ​ មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការលើកកម្ពស់​ចំណេះដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សា​អនាម័យ។ លោកជំទាវអគ្គលេខាធិការបានបន្ថែមថា មន្ត្រី បុគ្គលិក និងអ្នកស្ម័គ្រចិត្តទាំងអស់ ចូលរួមអនុវត្តន៍នូវអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ព្រមទាំង​តាម​ដានព័ត៌មានយ៉ាងជាប់លាប់ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រសិទ្ធ​ភាព​ការងារក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩​ នេះ៕

ដោយ រិទ្ធី