ករណីឆ្លងសរុបនៃជំងឺ COVID-19 នៅកូរ៉េខាងត្បូងកើនឡើងដល់ជាង ៩,០០០នាក់

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង


ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថា បានរកឃើញអ្នកផ្ទុកជំងឺ COVID-19 ចំនួន ១០៤ ករណីបន្ថែមទៀត នៅថ្ងៃព្រហស្បត្តិ៍នេះ នាំឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសកើនឡើងដល់ចំនួន ៩,២៤១ នាក់។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បត្តិ៍ ទី ២៦ ខែ មីនា ឆ្នាំ ២០២០។
អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ទៀតថា ខ្លូននឹងរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែនសម្រាប់អ្នកធ្វើដំណើរពីសហរដ្ឋអាមេរិកចាប់ពីថ្ងៃសុក្រស្អែកនេះ ដោយសារក្តីបារម្ភកើនឡើងចំពោះករណីឆ្លងនៃជំងឺ COVID-19 ដែលឆ្លងចូលពីក្រៅប្រទេស បើទោះបីជាមានការធ្លាក់ចុះនៃការឆ្លងជំងឺនេះក្នុងស្រុកក៏ដោយ។ រដ្ឋាភិបាលទីក្រុងសេអ៊ូលបានអនុវត្តវិធានការណ៍កន្លងមករួចមកហើយដោយការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរ៉ឹង លើភ្ញៀវទេសចរមកពី អឺរ៉ុប ចិន អ៊ីតាលី និងអ៊ីរ៉ង់ ដោយតម្រូវឲ្យ ពួកគេចុះឈ្មោះតាមកម្មវិធីស្មាតហ្វូនដើម្បីតាមដានថាតើពួកគេមានរោគសញ្ញាដូចជាគ្រុនក្តៅដែរឬទេ។
សូមបញ្ជាក់ថា មកទល់នឹងពេលនេះប្រទេសកូរ៉េខាងត្បូងមាកអ្នកឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ៩,២៤១ នាក់ ស្លាប់ចំនួន ១៣១នាក់ ខណៈអ្នកជាសះស្បើយ ៤,១៤៤នាក់។នេះតាមរបាយការណ៍មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង KCDC៕
ប្រភព៖សារព័ត៌មាន Channel News Asia