ខេត្តក្រចេះ បើកកិច្ចប្រជុំគណៈកម្មាធិការ ពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០

AKP ក្រចេះ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — គណៈកម្មាធិការពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តក្រចេះ បានបើកកិច្ចប្រជុំ ប្រចាំត្រីមាសទី១ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ែន លីណាត អភិបាលរងនៃគណៈ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ និងមានការ អញ្ជើញចូលរួមពីក្រុមការងារពិសេស និងអង្គការដៃគូនានាក្នុងខេត្តក្រចេះផងដែរ។

នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះដែរ ក៏មានដាក់បញ្ចូលអំពីការការពារប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងរាតត្បាតពេញពិភពលោកយើងនេះ ហើយ ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ពិសេសនៅតាមមូលដ្ឋានក្នុងខេត្តក្រចេះ ត្រូវជំរុញឱ្យមានការ ណែនាំ ការអប់រំប្រជាពលរដ្ឋ អំពីរបៀបការពារការឆ្លង និងវិធីសាស្រ្តប្រយុទ្ធ និងទប់ស្កាត់ មួយចំនួនទៀត។

លោក ប៉ែន លីណាត អភិបាលរងខេត្ត និងជាប្រធាគណៈកម្មាធិការពិសេសលុប បំបាត់ជំងឺគ្រុនចាញ់បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២០-២០២៥ ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមសហការផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានផុសផុល និងដាក់ក្រុមភ្នាក់ងារធ្វើការពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំ។

លោកអភិបាលរងខេត្តបញ្ជាក់ទៀតថា យើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាលុប បំបាត់ជំងឺ គ្រុនចាញ់ ដោយត្រូវលុបបំបាត់ឱ្យបានជម្រកមូស និងចុះធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ និងស្គាល់ច្បាស់ពីជំងឺគ្រុនចាញ់ ដោយត្រូវដេកក្នុងមុងជ្រលក់ថ្នាំជានិច្ច ពិសេសតំបន់ដែលសង្ស័យថាមានជំងឺគ្រុនចាញ់៕

ដោយ  ជួន សុជាតិ