សម្ដេចក្រឡាហោម ស ខេង៖ បើជំងឺកូវីដ-១៩ នេះមានការរីករាលដាលខ្លាំង​ចៀសមិនផុតក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន

AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានលើក​ឡើង​ថា កម្ពុជាអាចនឹងដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើកាលណាស្ថានភាពរីករាលដាល ជំងឺកូវីដ-១៩ ក្នុងប្រទេសនៅតែបន្តកើនឡើងនោះ។ ការលើកឡើងរបស់សម្ដេចក្រឡា​ហោម​នេះស្របពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងពិចារណាឱ្យអ្នកច្បាប់សិក្សាពីបញ្ហា​ដាក់ ប្រទេសក្នុងគ្រាមានអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ននានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ដែលបានប្រារព្ធឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពី​ព្រឹកថ្ងៃទី២៦  ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា តែទោះ​បីជាយ៉ាងណាក្នុងស្ថានភាពបច្ចុប្បន្ននៅកម្រិតប៉ុណ្ណឹងនេះ កម្ពុជាមិនទាន់ដាក់ប្រទេសក្នុង​គ្រាអាសន្ននោះទេ។ សម្ដេចក្រឡាហោមបានលើកឡើងថា ប្រសិនណាស្ថានភាពនេះ​វាកាន់​តែរីករាលដាល ហើយចំនួនអ្នកផ្ទុកជំងឺកូវីដ-១៩ កាន់តែច្រើន ចៀសមិនផុតពីដាក់ប្រទេស​ក្នុងគ្រាមានអាសន្ន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុង​តែ​ពិចារ ណា​ក្នុងការទួលថ្វាយព្រះមហាក្សត្រដាក់ប្រទេសកម្ពុជាក្នុងគ្រាមានអាសន្ន ដើម្បី​ដោះ​​ស្រាយ បញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ដែលបាននiងកំពុងរីករាលដាលពាសពេញពិភព​លោក។ សម្ដេចតេជោកំពុងឱ្យអ្នកច្បាប់សិក្សាពីវិសាលភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន  ដែល​នេះ​ជាវិធានការ​តឹងរឹង​ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា។ សម្តេចតេជោនាយក​រដ្ឋមន្រ្តីបានបន្ថែមថា នៅពេលដែលកម្ពុជាដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះ សិទ្ធិស៊ីវិល​មួយចំនួនត្រូវបានបិទដូចជាការជួបជុំតវ៉ាផ្សេងៗ។ ប៉ុន្ដែសម្ដេចតេជោថា សម្ដេច​មិនចង់ប្រើ​វិធានការនេះនោះទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់សម្តេចគ្មានប្រសិទ្ធភាពនោះ។ ជាមួយគ្នានេះ មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រ​ទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រី ពីប្រធាន​រដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ដូច្នេះសម្តេចតេជោក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំ​ពីព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេស​ក្នុងគ្រាមាន​អាសន្ន៕

ដោយ ចាន់ សុធីវង្ស