សប្បុរសជនខេត្តព្រះសីហនុ បន្តចូលរួមឧបត្ថម្ភថវិកា និងសម្ភារដល់រដ្ឋបាលខេត្ត ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-19

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ សប្បុរសជនក្នុងខេត្តព្រះសីហនុ បន្តចូលរួមឧបត្ថមជាថវិកា និងសម្ភារ បម្រើឱ្យការប្រើប្រាស់សម្រាប់ការពារ ទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណាថ្មី ឬកូវីដ១៩ មួយចំនួន ដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នៅក្នុង ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរ គុណដល់សប្បុរសជនខេត្តព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភជាថវិកា និងសម្ភារមួយ ចំនួនដល់រដ្ឋបាលខេត្តព្រះសីហនុនាពេលនេះ ដើម្បីប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-19 នៅខេត្តព្រះសីហនុ ហើយសង្ឃឹមថា មានសប្បុរសជនចូលរួមសហការជាមួយរដ្ឋបាល ខេត្តនេះជាការចូលរួមបរិច្ចាគធនធានចូលរួមក្នុងការងារមនុស្សធម៌ ក្នុងគ្រាដែល ខេត្តព្រះសីហនុ រកឃើញមានអ្នកជំងឺ Covid-19 រហូត ៣៥នាក់ ក្នុងនោះជនជាតិខ្មែរ ២នាក់ (ជាអ្នកបកប្រែ) និងជនបរទេស ជនជាតិបារាំងចំនួន ៣៣នាក់ ជាអ្នកទេសចរ មកជាក្រុម មកកាន់ខេត្តព្រះសីហនុកាលពីពេលថ្មីនេះ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានធ្វើការជំរុញឱ្យរដ្ឋបាលក្រុង ស្រុក សហការ ជាមួយ និងមណ្ឌលសុខភាពនៅតាមឃុំ សង្កាត់ ក្រុង ស្រុក ត្រូវតាមដានសុខភាពពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ថាតើពួកគាត់មានសុខភាពយ៉ាងណា ជារៀងរាល់ថ្ងៃ ដើម្បីយើងមានវិធានការក្នុងការឆ្លើយតបបានទាន់ពេលវេលា ត្រូវតាមដានត្រួតពិនិត្យ សុខភាពរបស់ពួកគាត់រយៈពេល ១៤ថ្ងៃ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ក៏បានបញ្ជូនម៉ាស់ទៅប្រធានផ្សារលើ ដើម្បីចែក ជូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ចូលក្នុងផ្សារ ដើម្បីចែកជូនប្រជាពលរដ្ឋរួមគ្នា ទប់ស្កាត់ការឆ្លង Covid-19 នៅក្នុងក្រុង ស្រុករបស់យើង ម្យ៉ាងទៀតបញ្ចៀសការលក់ ម៉ាស់ឡើងថ្លៃ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានពលករ ដែលបានវិលត្រឡប់មកពីប្រទេស ថៃមានចំនួន ១០២នាក់ ក្នុងនោះស្រី ៤៩នាក់៕

ដោយ ងូ សុមុនី