អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយគ្រូពេទ្យ ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺកូវីដ ១៩

AKP កណ្តាល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យទូទាំងខេត្ត ដើម្បីត្រៀមលក្ខណៈបង្ការការពារ និងព្យាបាលជំងឺកូវីដ១៩ និងមានការ ចូលរួម ពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត អភិបាលស្រុក ក្រុង ទាំង១១ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមគ្រូពេទ្យ សរុបជិត៣០០នាក់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូពេទ្យទូទាំងខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកបញ្ជាក់ថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ជំងឺកូវីដ ១៩ គឺជាបញ្ហាសកលក្នុងពិភពលោក ក៏ដូចនៅក្នុងតំបន់ កំពុងជួបប្រទះ និងបានរួមគ្នាយកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងដ៏កាចសាហាវនេះ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើង ករណីជំងឺនេះគឺយើងនៅមិនទាន់មានអ្វីដែល ធ្វើឱ្យប្រជាពលរដ្ឋជួបប្រទះនិងមានការព្រួយបារម្ភធ្ងន់ធ្ងរ ដូចបណ្ដាប្រទេសដទៃឡើយ បញ្ហាដែលបារម្ភនោះគឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋដែលតែងតែជឿតាមព័ត៌មានមិនពិត ព័ត៌មានដែលបំប៉ោង បំភ្លើសបំភិតបំភ័យដល់ ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរនឹងបានដាក់សេចក្ដីសង្ឃឹមខ្ពស់ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យ ដែលបានត្រៀមលក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនូវជំងឺឆ្លងជំងឺកូវីដ ១៩ នេះ ពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈប្ដេជ្ញាខ្ពស់ដើម្បីព្យាបាលជូនពួកគាត់៕

ដោយ ណយ នឿន