អ្នកនាំពាក្យក្រសួងយុត្តិធម៌៖​ ការលើកឡើងថា សមត្ថកិច្ចខិតខំចាប់ជន​សង្ស័យ​តែតុលាការបែរជាដោះលែង គឺត្រូវខ្លះ និងចំណុចខ្លះខុស

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានគូសបញ្ជាក់ថា ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋថា សមត្ថកិច្ចបានខិតខំចាប់ជនសង្ស័យ តែបែរជា​តុលាការ ដោះលែងវិញជាទស្សនៈមួយត្រូវខ្លះ និងមានចំណុចខុសខ្លះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការ​គណៈរដ្ឋមន្ត្រី ឯកឧត្ដម ជិន ម៉ាលីន បានថ្លែងថា “ការលើកឡើងនេះ វាមិនត្រឹមត្រូវទាំង​អស់​នោះទេព្រោះថាប្រជាជនមិនបានយល់ពីការធ្វើទំនាក់ទំនងជាមួយនគបាលយុត្តិធម៌  ជាមួយ​តុលាការយ៉ាងម៉េចនោះទេ។ នគរបាលយុត្តិធម៌មានភារកិច្ចទប់ស្កាត់ និងបង្រ្កាបបទល្មើស​ដោយ​ចាប់​ជនសង្ស័យ។ អីច្ចឹងពេលចាប់បាន ត្រូវបញ្ចូនទៅតុលាការដោយភ្ជាប់​ជាមួយភស្តុ​តាង និងរបាការណ៍ ព្រមទាំងសំណុំឯកសារគ្រប់បែបយ៉ាង ហើយតុលាការជាអ្នកសម្រេច​ដោយធ្វើការស៊ើបអង្កេត និងត្រួតពិនិត្យភស្តុតាងឡើងវិញ។ ប៉ុន្តែបើរកឃើញគ្មានមូល​ដ្ឋាន​ច្បាស់​លាស់នោះគេដោះលែង ឬដោះលែងឱ្យនៅ ក្រៅឃុំស្ថិតក្រោមការត្រួតពិនិត្យរបស់​តុលាការ។” ឯកឧត្ដមបានលើកឡើងថា ច្បាប់មិនតម្រូវឱ្យចាប់ឃុំខ្លួននោះទេ បើមិន​ប្រព្រឹត្ត​បទ​ល្មើសធ្ងន់ធ្ងរ  ហើយបើមិនមែនជាមធ្យោបាយចុងក្រោយនោះគឺឱ្យនៅក្រៅឃុំបណ្តោះ​អាសន្ន ប៉ុន្តែស្ថិតក្នុងការគ្រប់គ្រងផ្លូវច្បាប់។ ឯកឧត្ដមបានបន្ដថា បញ្ហានេះ នៅពេលប្រជា​ពលរដ្ឋ​មិនយល់ និងជ្រាបពីដំណើរការនីតិវិធីច្បាប់ ពួកគាត់អាចធ្វើការសន្និដ្ឋានដោយ​ភាន់​ច្រឡំថាតុលាការពុករលួយ ប៉ូលីសខំចាប់បែរជាដោះលែងវិញ។ ចំណុចនេះក៏មាន​ករណី​ត្រូវខ្លះ ប៉ុន្ដែក៏មានខុសខ្លះដែរ ព្រោះថាកន្លងមកក៏មានមន្ត្រីតុលាការមួយចំនួនបាន​ប្រព្រឹត្ត​មិន​ប្រក្រតីផងដែរ ដោយមន្ត្រីនោះបានផ្អែកលើផលប្រយោជន៍បុគ្គល ទំនាក់ទំនងផល​ប្រយោជន៍​មួយចំនួនទៀត។

ឯកឧត្ដមរដ្ឋលេខាធិការបានបន្ថែមថា “នេះជាការប្រព្រឹត្តិរបស់បុគ្គល យើងក៏មានយន្ត​ការ​តាមដានត្រួតពិនិត្យ ដោយកន្លងមកយើងក៏បានដាក់ទណ្ឌកម្មផ្នែកពិន័យ ហើយបើទាក់​ទងនឹងបទល្មើសពុករលួយ ដែលជាបទល្មើសព្រហ្មទណ្ឌត្រូវសម្រេចដោយតុលាការ។ អីច្ចឹង ការលើក​ឡើងរបស់ប្រជាពលរដ្ឋត្រូវខ្លះ និងខុសខ្លះ”៕

ដោយ ប៊ុនរិទ្ធ