ជប៉ុនកំពុងសម្លឹងមើលទីផ្សារកម្លាំងពលកម្មនៅកម្ពុជា និងគ្រោង​ទទួលពលករជំនាញ​ថែទាំអគារ និងសំណង់ពីបរទេសជាង៣ម៉ឺននាក់

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុនបានលើកឡើងថា ប្រទេសជប៉ុនកំពុងសម្លឹងមើល​ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មចេញទៅ​ធ្វើការនៅក្រៅប្រទេស ខណៈប្រទេសនេះ មានគម្រោងត្រូវការជ្រើស​រើសពលករជំនាញពីបរទេស​លើផ្នែកថែ​ទាំង​អគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។ នេះគឺជាការលើកឡើង របស់លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារ​ជប៉ុនដែលបានដឹកនាំគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និង​សមាគមថែទាំអគារជប៉ុន ក្នុងជំនួបពិភាក្សាការងារជាមួយ​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដី​ការក្រសួងការងារ។

លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះសមាគមថែទាំ​អគារ​ជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការ​ជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១,០០០,០០០នាក់។ លោកបានបន្ដថា ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំ​អនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការ​សម្អាត​ទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួង​សំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់​ប្រទេសជប៉ុនផងដែរ។ លោកបានបន្ដទៀតថា បច្ចុប្បន្ន ទីផ្សារការងារនេះ​កំពុងមានតម្រូវការ​យ៉ាង​ខ្លាំងនៅប្រទេសជប៉ុន។ លោកបានបន្ថែមថា ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះ​នឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុង​មានកំណើន​យឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំ​អគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះបានជាសមាគមរបស់លោក ត្រូវការជ្រើស​រើស​កម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ លោកបានបន្ថែម​ទៀតថា បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះមានតម្រូវការដល់​ទៅ​ប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣០,០០០​នាក់។

លោក ហ៊ីរ៉ូស្សី បានបញ្ជាក់បន្ថែមថា កន្លងទៅ សមាគមរបស់លោកបានជ្រើស​រើស​ពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ សមាគម​របស់លោកមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។

ឯកឧត្តម អ៊ិត សំហេង បានសម្ដែងការគាំទ្រយ៉ាងខ្លាំង ដោយបានប្រគល់ការងារ​ទៅ​ឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការ​ជាមួយសមាគមថែទាំអគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុន​ភ្នាក់ងារបញ្ជូន​ពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រឡង​តេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ចំពោះ​ទីតាំងសម្រាប់ការប្រឡងតេស្ត ត្រូវបានផ្ដល់ជម្រើសចំនួនពីរដោយទី១. សមាគមអាចយក​គ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការ​ប្រឡងតេស្ត ក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញ​លើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន៥កន្លែង។ ទី២. សមាគមថែទាំងអគារជប៉ុនអាចសហការ​ជាមួយក្រុម​ហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡង​តេស្តសមត្ថភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការងារជាក់ស្ដែងយ៉ាងណានោះ សូមឱ្យសមា​គម​ថែទាំអគារជប៉ុនសហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាល​បច្ចេក​ទេស វិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូនពលករបន្តទៀត ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​នឹងទទួលស្គាល់​ជាផ្លូវ​ការតាមក្រោយ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេស​ជប៉ុន​ប្រមាណជិត១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗ​ទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ិត សំហេង បានស្នើឱ្យខាងសមាគម និងភាគីជប៉ុន​បង្កើន​ការទទួលពលករពីកម្ពុជាឱ្យបាន១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើន ដែលសមាគម ក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុន​អាចជ្រើសរើសកម្លាំងពលកម្មដែលមានប្រភពនៅក្នុងប្រទេសស្រាប់ និងប្រភពដែល​ត្រឡប់​ពីក្រៅប្រទេសបន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ៕

ដោយ ប៊ុនរិទ្ធ