រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៣ តាមការស្នើឡើងរបស់រាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ — សេចក្តីព្រាងច្បាប់ចំនួន៣ទាក់ទងនឹងវិស័យអគ្គិសនី ដែលស្នើឡើងដោយរាជរដ្ឋាភិ បាលទុកជាការប្រ​ញា​ប់ ត្រូវបានសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦  អនុម័តជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។

សេចក្តីព្រាងច្បាប់ទាំង៣នោះ រួមមានសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិនគ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រ​អគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ ខេត្តកោះ​កុង ​ត្រូវបានអង្គសភាអនុម័ត យល់ព្រមលើ សេចក្តីព្រាងច្បាប់ទាំងមូលមានចំនួន ១០៩សំឡេង។ សេចក្តីព្រាងច្បាប់ស្តី​ពីការអនុម័តយល់ ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ ខេត្តឧត្តរមានជ័យ ត្រូវបានអង្គសភាអនុម័តយល់ព្រម លើសេចក្តីព្រាង ច្បាប់ទាំងមូលមានចំនួន១០៩សំឡេង និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូន អគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយ សៀមរាបខាងកើត ត្រូវបានអង្គសភាអនុម័តយល់ព្រម លើសេចក្តីព្រាង ច្បាប់ទាំងមូលមាន ចំនួន ១០៩សំឡេង។

ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាថ្លែងថា ជារួមច្បាប់នេះបានរៀបចំត្រឹមត្រូវតាមបទបញ្ញត្តិ ដែលមាន ចែងក្នុងជំពូកទី៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ ឆ្លងតាមការ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងនេះ គណៈកម្មការទី២ នៃរដ្ឋសភាយល់ឃើញថា សេចក្តីព្រាងច្បាប់ទាំងនេះនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានភាពម្ចាស់ការ លើការប្រើប្រាស់ថាមពលអគ្គិសនី ដែលនាំដល់ការលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តាងនាមរាជរដ្ឋាភិបាល និងសហការីនៅក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភាទាំង​មូល ដែលបានអនុម័តសេចក្តីព្រាងច្បាប់នេះ ជូនរាជរដ្ឋាភិបាល​សម្រាប់ការធានាលើការទូទាត់ លើគម្រោងវិនិយោគទាំងបីនៅព្រឹកនេះ ហើយយើងខ្ញុំនឹងប្តេជ្ញាអនុវត្តន៍ការងារវិនិយោគនេះ ឱ្យបានជាផ្លែផ្កា ដើម្បីបានថាមពលអគ្គិសនីគ្រប់គ្រាន់បម្រើសេច​ក្តីត្រូវការនៃការ អភិវឌ្ឍប្រទេសជាតិរបស់យើង ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងទៅតាមវិស័យ ទាំងអស់ដែលត្រូវការអគ្គិសនី ពិសេសគឺធានាការបញ្ចុះថ្លៃអគ្គិសនីជាបន្តបន្ទាប់ទៅ តាមផែនការរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ស៊ុយ សែម ក៏បានជម្រាបជូនអង្គប្រជុំរបស់រដ្ឋសភាថា សម្រាប់រដូវប្រាំងនេះ ថាមពលអគ្គិសនីមិនមានការខ្វះខាតទៀតទេ៕

ដោយ ប៉ាល់ សុង